តាកាវគឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិច របស់ក្រុងអង្គរធំកំពុងបញ្ចេញមន្តស្នេហ៍ឆក់យកបេះដូងអ្នកទេសចរឱ្យចង់ទៅគយគន់
តាកាវគឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិច របស់ក្រុងអង្គរធំ ក្នុងចំណោម ខ្លោងទ្វារចំនួន៤ផ្សេងទៀត ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតយករូបអនុស្សាវរីយ៍ស្ទើរតែជារៀងរាល់ថ្ងៃ។
ខ្លោងទ្វារតាកាវបានបញ្ចេញសម្រស់រឹតតែស្រស់ស្អាត និងទាក់ទាញ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើការជុសជុលឱ្យរួចផុតពីភាពទ្រុឌទ្រោមរួចមក។
លោក លៀស គឹមលេខ ប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅខ្លោងទ្វារតាកាវ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ភ្ញៀវទេសចរតែងទៅទស្សនាខ្លោងទ្វារនេះ ហើយបានដក់ចិត្តជា មួយនិងការថតរូបមិនចេះណាយ ដោយសារតែខ្លោងទ្វារតាកាវមានកំពូលព្រហ្មមុខ៤ ញញឹមស្វាគមន៍ ដោយមានកសិន្ធុទឹកព័ទ្ធជុំវិញ មានដើមឈើតូចធំដុះផ្តុំគ្នា បង្កើតជាទេសភាពដ៏ទាក់ទាញយ៉ាងល្អឯក។
លោកបន្តថា នៅខ្លោងទ្វារតាកាវមានលក្ខណៈពិសេសម្យ៉ាងទៀត គឺនៅពេលព្រះអាទិត្យរៀបលិច មានពន្លឺចាំងពីលិច រំលេចចេញទៅជាពណ៌មាស ក្រាលគ្របលើកំពូលសំណង់បុរាណមួយនេះ ដែលបង្កើតទៅជាសម្រស់ដ៏ស្រស់ស្អាត សម្រាប់ទេសចរឱ្យមកទស្សនា ព្រមទាំងថតរូបភាពមិនសូវអាក់ខាន។
ដោយសារតែខ្លោងទ្វារតាកាវ កំពុងទាក់ទាញភ្ញៀវទេសចរដូចនេះ ភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅទីនេះ តែងតែជួយសម្របសម្រួល ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយរៀបចំដាក់ស្លាកសញ្ញាឱ្យដឹងពីកន្លែងទស្សនា និងកន្លែងគ្រោះថ្នាក់ជាដើម។ ជាពិសេស សំណូមពរដល់ភ្ញៀវជាតិ និងអន្តរជាតិ កុំឡើងជាន់លើដំបូលនៃស្លាបរបស់តួខ្លោងទ្វារ គោរពតាមស្លាកសញ្ញា និងក្រមប្រតិបត្តិអង្គរ ចៀសវាងមានបញ្ហាប៉ះពាល់ដល់ប្រាសាទ និងគ្រោះថ្នាក់ដោយយថាហេតុផ្សេង៕