រដ្ឋមន្ត្រី ជា សុមេធី ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការជួយដល់មនុស្សចាស់ជាការងារពហុវិស័យ

ឯកឧត្តម ជា សុមេធី បានគូសបញ្ជាក់ថា «កិច្ចខិតខំប្រឹងប្រែងក្នុងការជួយដល់មនុស្សចាស់ជាការងារពហុវិស័យ ដែលទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ និងដោះស្រាយប្រកបដោយមានការរួមបញ្ចូលគ្នា»។

ការគូសបញ្ជាក់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងទិវាមនុស្សចាស់កម្ពុជា ឆ្នាំ២០២៣ ព្រឹកថ្ងៃច័ន្ទ ទី០២ ខែតុលា នៅទីស្ដីការក្រសួងសង្គមកិច្ច។

ឯកឧត្តម ជា សុមេធី បានលើកឡើងថា គិតត្រឹមឆ្នាំ២០១៩ ចំនួនប្រជាជនវ័យចាស់មានចំនួនប្រមាណជាង ១លាន ៣សែននាក់ ស្មើនឹង ៨,៩% នៃចំនួនប្រជាជនសរុបជាង ១៥លាននាក់។ ឯកឧត្ដមថាអ្វីដែលជាការព្រួយបារម្ភគឺ មនុស្សចាស់ដែលរស់នៅតំបន់ជនបទ ដាច់ស្រយាល មានជីវភាពក្រលំបាក ហើយទទួលការថែទាំមានកម្រិត។

ឯកឧត្តមរដ្ឋមន្ដ្រីបន្តថា៖ «មនុស្សចាស់ដែលជាស្ដ្រី មានបន្ទុកជួយគ្រួសារមើលថែទាំចៅៗ ដោយសារឪពុក ម្ដាយធ្វើចំណាកស្រុកទៅរកការងារធ្វើ ឬដោយសារការលែងលះគ្នា ឬឪពុក ម្ដាយស្លាប់ចោល និងដោយប្រការផ្សេងៗ»។

ដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាសេនាធិការកំពុងបន្ដពង្រឹងពង្រីកសមាគមមនុស្សចាស់នៅតាម ឃុំ សង្កាត់។ ជំរុញកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារ ពិសេសបានរៀបចំ និងដំណើរការផ្តល់សេវាជូនជនចាស់ជរា ដែលធ្វើការរបណ្ដុះបណ្ដាលភ្នាក់ងារផ្ដល់សេវាថែទាំដល់ជនចាស់ជរា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ដែរថាគិតត្រឹមឆ្នាំ២០២៣ ក្រសួងសង្គមកិច្ចបានបង្កើតសមាគមមនុស្សចាស់បានចំនួន១ ៦៤៦ ឃុំ-សង្កាត់ ដែលគ្របដណ្ដប់ទូទាំងប្រទេស ហើយថ្មីៗនេះ ក្រសួងបានសហការជាមួយអង្គការមនុស្សចាស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិបានបង្កើតសមាគមមនុស្សចាស់គំរូថ្មី (អន្ដរជំនាន់ និងពហុមុខងារ) នៅរាជធានី-ខេត្ដចំនួន៩ រួមមាន៖ រាជធានីភ្នំពេញ ខេត្ដព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងខេត្ដបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង