លោកស្នងការខេត្តព្រៃវែងណែនាំមន្ត្រីនគរបាលក្រោមឱវាទត្រូវបង្ក្រាបក្មេងទំនើង ល្បែងស៊ីសង គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន

 

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានដាក់ណែនាំដល់លោកអធិការនគរបាលក្រុង-ស្រុក ទាំង១៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែងត្រូវធ្វើយុទ្ធនាការបង្ក្រាបក្មេងទំនើង ល្បែងស៊ីសង គ្រប់ប្រភេទ ឲ្យអស់ពីមូលដ្ឋាន និងត្រូវកែប្រែឥរិយាបថឲ្យទន់ភ្លន់តែម៉ឺងម៉ាត់ ដើម្បីទាញយកការស្រលាញ់ពីប្រជាពលរដ្ឋឲ្យបាន។

ការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងនៅរសៀលថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ក្នុងកិច្ចប្រជុំដើម្បីពង្រឹងប្រសិទ្ធភាពការងារមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង។

ក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមពីលោក-លោកស្រី ស្នងការរង លោកនាយករិយាល័យ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោកធិការនគរបាលក្រុង-ស្រុក ទាំង ១៣ លោកមេបញ្ជាការវរសេនតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ និងលោកនាយប៉ុស្ត្តិ៍នគរបាលរដ្ឋបាល រួមទាំងមន្ត្រីនគរបាលជាច្រើនរូបទៀត។

ជាមួយនោះ លោកស្នងការបានលើកឡើងពីបញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាបទល្មើសនេសាទខុសច្បាប់ ដែលជាបញ្ហាអាទិភាព ត្រូវដោះស្រាយ ដោយអនុវត្តបង្ការទប់ស្កាត់ និងបង្ក្រាបចេញពីមូលដ្ឋានរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏បានជំរុញដល់កម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចុះល្បាតចល័តទាំងយប់ទាំងថ្ងៃ និងការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌនេះ៕

 

អត្ថបទដែលជាប់ទាក់ទង