រដ្ឋមន្រ្តី ឈាង រ៉ា ផ្តល់អនុសាសន៍គន្លឹះមួយចំនួនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា នៅរសៀលថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ព្រមទាំងពិនិត្យវឌ្ឍនភាព នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។

នាឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានបញ្ជាក់ពីគោលបំណងនៃការអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល និងបានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។

ជាមួយនោះ ឯកឧត្តមក៏បានពិនិត្យវឌ្ឍនភាពរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យព្យាបាល និងថែទាំ ជូនប្រជាជន ដោយស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ៩ចំណុច និងអាទិភាព ៣ចំណុច ដែលបានដាក់ចេញ។

សូមបញ្ជាក់ថាមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានសាងសង់រួចជាស្ថានពរ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាចុងខែតុលា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។ មន្ទីរពេទ្យនេះមានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ វះកាត់ អគារសម្រាកព្យាបាលកម្រិតធ្ងន់ អគារសម្រាកព្យាបាលកម្រិតស្រាល ជាច្រើនដែលអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ១ម៉ឺនគ្រែ និងបំពាក់ដោយសម្ភារបរិក្ខាពេទ្យទំនើបៗ។ សមិទ្ធិផលដ៏ធំធេងនេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សមេ្តចតេជោ និងសមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។

ក្នុងការអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំត្រូវបន្តខិតខំពង្រឹងយន្តការថែទាំព្យាបាលអ្នកជំងឺបន្ថែមទៀត ជាពិសេសត្រូវពង្រឹងលើសេវាបញ្ជូនអ្នកជំងឺឱ្យចំគោលដៅ សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា សូមថ្លែងអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង