សម្តេចធិបតីនាយករដ្ឋមន្ដ្រីជំរុញឱ្យរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា តភ្ជាប់បណ្តោញភ្លើង និងទឹកស្អាតឱ្យបានគ្រប់ទីកន្លែងដើម្បីផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋជាម្ចាស់ផ្ទះជួលផង និងកម្មករនិយោជិតផង

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃផ្ទះជួលដល់កម្មករនិយោជិត។

ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

សម្តេចធិបតិ ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ទីមួយខ្ញុំបានចេញសារអំពាវនាវឲ្យម្ចាស់ផ្ទះជួល ជួយធ្វើម៉េច ជួយថែរក្សាអាហ្នឹង យោគយល់គ្នា ខ្ញុំដឹងម្ចាស់ផ្ទះជួលក៏លំបាក ប៉ុន្តែបើគិតកម្មករកម្មការិនី ប្រហែលជាគាត់អាចលំបាកជាង បងប្អូនខ្លះម្ចាស់ផ្ទះជួលថា ខ្ញុំត្រូវបង់ធនាគារ តែយោគយល់ខ្លះ»។

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រីបានជំរុញឱ្យរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា តភ្ជាប់បណ្តោញភ្លើង និងទឹកស្អាតឱ្យបានគ្រប់ទីកន្លែងដើម្បីផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋជាម្ចាស់ផ្ទះជួលផង និងកម្មករនិយោជិតផង។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ខណៈប្រទេសប្រកួតប្រជែងមួយចំនួនដូចជាប្រទេសភូមា ឥណ្ឌា ស្រីសង្កា ជាដើមមិនបានដំឡើងប្រាក់ឈ្នួលដល់កម្មករនោះទេ។

សម្តេចធិបតីបន្ថែមថា សឹងតែគ្រប់ប្រទេសប្រកួតប្រជែងទាំងអស់គឺសុទ្ធតែដំឡើងថ្លៃភ្លើង ហើយឆ្នាំនេះទៀតសោតប្រទេសវៀតណាម ថៃ និងសាំងកាពួរ បានប្រកាសថានឹងដំឡើងថ្លៃភ្លើង ខណៈកម្ពុជាប៉ុន្មានឆ្នាំនេះមិនបានដំឡើងតម្លៃភ្លើងឡើយ ដោយរដ្ឋសុខចិត្តខាតថ្លៃភ្លើងដើម្បីថែរក្សជីវភាពរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ឡើងបាន ៤ដុល្លារ ពី២០០ដុល្លារ ទៅ ២០៤ដុល្លារក្នុងមួយខែ ពោលដំឡើង ២ដុល្លារពីនិយោជក និង ២ដុល្លារទៀតពីរាជរដ្ឋាភិបាល។ ប្រាក់ឈ្នួលនេះនឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តទៅ៕

អត្ថបទដែលជាប់ទាក់ទង