រដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៥
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុម ប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ហ៊ុន ម៉ានី នាព្រឹកថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី បើកវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជំនាន់ទី៥» នៅសាលាភូមិន្ទរដ្ឋបាល និងមានការអញ្ជើញចូលរួមពីដៃគូអភិវឌ្ឍរួមមាន តំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល គ្រូបង្គោល និងសិក្ខាកាមនៃវត្តភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជំនាន់ទី៥សរុបប្រមាណ២៣៧នាក់។
វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍» ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងមុខងារសាធារណៈនិងធនាគារពិភពលោក ដោយមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ និង ការគាំទ្រពីសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍចំណេះដឹងជំនាញ និងសមត្ថភាពដឹកនាំអង្គភាព ដែលឆ្លើយតបនឹងតម្រូវការ អភិវឌ្ឍសមត្ថភាពពិតប្រាកដរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍធនធានមនុស្សរបស់ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
វគ្គបណ្តុះបណ្តាលចំនួន៤ បានដំណើរការរួចមកហើយ ដែលមានសិក្ខាកាមសរុប៦៥៧នាក់ ស្រី១១១នាក់ គឺជាមន្ត្រីជាន់ខ្ពស់មកពីបណ្តាក្រសួង ស្ថាប័នចំនួន៣២ ចាប់ពីកម្រិតប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ ឬមុខតំណែងប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីអភិបាលក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាល រាជធានី ខេត្ត អភិបាលរងរាជធានី ខេត្ត រហូតដល់អភិបាលខេត្ត។
សម្រាប់កម្មវិធីបើកវគ្គបណ្តុះបណ្តាល នាពេលនេះ មានសិក្ខាកាមជំនាន់ទី៥ ដែលនឹងត្រូវទទួលការបណ្តុះបណ្តាលចំនួន ១៩៧នាក់ ស្រីចំនួន ២៩នាក់ មកពីក្រសួង ស្ថាប័នចំនួន៣០ និងរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំង២៥រាជធានី ខេត្ត។ វគ្គបណ្តុះបណ្តាលនេះដំណើរការតាមរយៈប្រព័ន្ធអនឡាញនិងការសិក្សាដោយផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល៕