សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួល

 

នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ដូមីនិច វីល្លៀម(Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងជំនួបនេះ ឯកឧត្តម ដូមីនិច វីល្លៀម បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងចំពោះសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលថ្មីនេះ សម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ រួមទាំងការចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានសម្តែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អង់គ្លេស ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣នេះ ក្នុងវិស័យអប់រំ គឺមានសាលារៀនរបស់អង់គ្លេសចំនួន ៣កន្លែង ក្នុងនេះមានសាកលវិទ្យាល័យចំនួន ១កន្លែង ត្រូវបានបើកដំណើរការ។ លើសពីនេះ កម្ពុជា-អង់គ្លេស ក៏បានចាប់ផ្តើមដំណើរគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (Developing Countries Trading Scheme – DCTS) ប្រកបដោយជោគជ័យ ដែលជាប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយ ជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ(Generalized Scheme of Preferences – GSP) បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលអង់គ្លេស នៅក៏នៅតែបេ្តជ្ញាបន្តគាំទ្រការបោសសម្អាតមីននៅកម្ពុជារហូតដល់ឆ្នាំ២០២៥ ។ ក្រៅពីនេះ ភាគីមិត្ត ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យចំនួនពីរ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ពោលគឺ វិស័យសេដ្ឋកិច្ចបៃតង និងវិស័យថាមពលកកើតទ្បើងវិញ ហើយក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងកាន់តែរីកចម្រើនទ្បើងថែមទៀត នៅគ្រប់ផ្នែក និងគ្រប់វិស័យ រួមទាំងផ្នែកនយោបាយផងដែរ។

ដោយឡែក ឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់អំពីជោគជ័យនៃដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម ដោយបានវាយតម្លៃថា នេះជាការបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ស្របពេលដែលកម្ពុជាកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរាជទូត ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ជាអាទិ៍៖ ការឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ការគាំទ្រដល់កិច្ចដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម រហូតដល់ទីបញ្ចប់, ការប្តេជ្ញាបន្តគាំទ្រដំណើរការបោសសម្អាតមីននៅកម្ពុជា ដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជាអស់មីនឆ្នាំ២០២៥ ជាដើម។ល។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការដាក់ឱ្យដំណើរការគម្រោង DCTS និងបានស្នើសុំឱ្យចក្រភពអង់គ្លេសពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា បន្ថែមពីលើការនាំចូលផលិតផលវាយនភណ្ឌ និងផលិតផលស្បែកជើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ នូវជំហរគាំទ្ររបស់កម្ពុជាលើវិស័យសេដ្ឋកិច្ចបៃតង និងថាមពលកកើតទ្បើងវិញ ព្រមទាំងបានសម្តែងនូវក្តីរីករាយសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ លើវិស័យទាំងនេះ នាពេលខាងមុខ។

សម្តេចធិបតី ក៏បានបង្ហាញនូវក្តីរំពឹងថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងបន្តរុងរឿងទ្បើងថែមទៀតលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម ដែលនឹងអនុញ្ញាតឱ្យកម្ពុជាអាចពង្រីកទីផ្សារថ្មីៗបន្ថែមទៀត លើមុខទំនិញនាំចេញទៅកាន់ចក្រភពអង់គ្លេស។ ចំពោះវិស័យការពារជាតិវិញ សម្តេចធិបតី ក៏រំពឹងផងដែរថានឹងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ទាំងលើការងារហ្វឹកហ្វឺន, ការធ្វើលំហាត់រួម និងការចូលចតនាវាជាដើម។

ទន្ទឹមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់បន្ថែមថា ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួលឡើយ៕

អត្ថបទដែលជាប់ទាក់ទង