សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា ពីព្រោះនាយកសាលាគឺមានសារៈសំខាន់ណាស់ក្នុងការដឹកនាំលើការបណ្ដុះបណ្ដាលធនធានមនុស្ស ចាប់តាំងពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា។ សម្ដេចណែនាំដល់ក្រសួងអប់រំ ត្រូវរៀបចំគោលការណ៍ជ្រើសរើសនាយកសាលានេះមកសម្ដេចពិនិត្យ និងសម្រេច។

ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកទី៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងពិធីប្រារព្ធ​ទិវាគ្រូបង្រៀនលើកទី២៦ ថ្ងៃ៥ តុលា  ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃ​សាលារៀនឆ្ពោះទៅរកឧត្តមភាព»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យអប់រំ ដំណាក់កាលនេះ គឺជាដំណាក់កាលពង្រឹងវិស័យអប់រំ ដូច្នេះត្រូវយកសសរស្ដម្ភណាមួយ ក្នុងនោះមានដូចជាការពង្រឹងមូលដ្ឋាន នៃការសិក្សារបស់សិស្ស ចាប់តាំងពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ ឬមធ្យមសិក្សាតែម្ដង ដែលការអប់រំនេះ ត្រូវផ្ដោតលើលទ្ធផលចំនួន២ គឺសមត្ថភាព និងឥរិយាបថ (Soft Skill)។

ជាមួយនោះ សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា គ្រូបង្រៀនត្រូវមានទាំងចំណេះដឹង និងគុណធម៌ សីលធម៌ ដែលគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ ជាពិសេសជាការពង្រឹង និងបណ្ដុះបណ្ដាលធនធនមនុស្សល្អសម្រាប់ប្រទេសកម្ពុជា។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកំពុងបន្តគិតគូរ និងយកចិត្តទុកដាក់លើការដំឡើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដល់គ្រូបង្រៀននៅទូទាំងប្រទេស ខណៈបច្ចុប្បន្នគ្រូបង្រៀន ក្របខណ្ឌ (ក) ទទួលបានប្រាក់បៀវត្សក្នុងរង្វង់ជិត ១លានរៀល៕

អត្ថបទដែលជាប់ទាក់ទង