រដ្ឋមន្ត្រី ឈាង រ៉ា ៖ ជំងឺមហារីកមាត់ស្បូន គឺជាអាទិភាពសុខភាពសាធារណៈដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ដ៏សំខាន់នៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា នាព្រឹកថ្ងៃព្រសហ្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាភ្នំពេញថ្មី បានអញ្ជើញជាអធិបតីភាពក្នុង “ពិធីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី អាយុ៩ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា”។
ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលមូលដ្ឋាន ព្រមទាំងមានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការរួមមាន Gavi ,WHO, UNICEF,CHAI ក្រសួងសុខាភិបាលនឹងដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដែលត្រូវផ្តល់តែចំនួនមួយដូសប៉ុណ្ណោះ ដល់កុមារីម្នាក់ៗ ដែលមានអាយុ៩ឆ្នាំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ថ្នាំបង្ការនៅតាមសាលាបឋមសិក្សា នៅតាមភូមិឬសហគមន៍ និងការផ្តល់ថ្នាំបង្ការពេញមួយឆ្នាំនៅតាមមណ្ឌលសុខភាព ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះតទៅ។
ក្នុងពិធីខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ៖ “ជំងឺមហារីកមាត់ស្បូន គឺជាអាទិភាពសុខភាពសាធារណៈដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ដ៏សំខាន់នៅព្រះរាជាណាចក្រកម្ពុជា។ យើងទាំងអស់គ្នាត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះ តាមរយៈការបញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅព្រះរាជាណាចក្រកម្ពុជា។ យើងរំពឹងថាកុមារីអាយុ៩ឆ្នាំទាំងអស់ នឹងទទួលបានថ្នាំបង្ការជំងឺមហារីកមាត់ស្បូនមួយដូសដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅ ហើយកម្ពុជាក៏មានគម្រោងនឹងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី ដែលមានអាយុលើសពី៩ឆ្នាំ តាមរយៈការធ្វើយុទ្ធនាការក្នុងឆ្នាំ២០២៥ផងដែរ” ។
ជាមួយនោះ ឯកឧត្តម ឈាង រ៉ា បានបន្តទៀតថា ជំងឺមហារីកមាត់ស្បូន ត្រូវបានគេប្រសិទ្ធនាមថាជា “ឃាតកលាក់មុខ” ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងផងដែរដោយសារថ្នាំបង្ការ។ វីរុសមហារីកមាត់ស្បូនបង្កឱ្យកើតជំងឺមហារីកមាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួននៃការស្លាប់របស់ស្ត្រីដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ នៅកម្ពុជា ជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុចម្បងទី២ ក្នុងចំណោមមហារីកគ្រប់ប្រភេទដែលកើតទៅលើស្ត្រីគ្រប់វ័យ ដោយយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២០ បានបង្ហាញថា ជំងឺមហារីកមាត់ស្បូនសរុបចំនួនប្រមាណ ១១៣៥ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន ៦៤៣ករណីបានស្លាប់។ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្ត្រីពីជំងឺមហារីកមាត់ស្បូនតាមរយៈការកាត់ផ្តាច់នូវការចម្លងមេរោគមហារីកមាត់ស្បូន។ យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកនាពេលបច្ចុប្បន្នបានបង្ហាញថា៖ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួន១ដូសគឺមានប្រសិទ្ធភាពខ្ពស់ប្រមាណពី ៨០ទៅ ៩០% ក្នុងការកាត់បន្ថយការឆ្លង និងការការពារពីជំងឺមហារីកមាត់ស្បូន។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ជាការវិនិយោគលើវិស័យសុខភាពសាធារណៈរបស់កុមារដ៏មានប្រសិទ្ធភាពមួយ ព្រមទាំងបានចូលរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយអត្រាឈឺ ពិការភាព និងស្លាប់របស់កុមារនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ក៏បានលើកទឹកចិត្តដល់មន្ត្រី បុគ្គលិកសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ឱ្យចូលរួមជាមួយគ្នា ដើម្បីការពារសុខភាពកុមារីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕