កម្លាំងនគរបាលខេត្តកណ្ដាលចាប់ឃាតករជាប្តីដែលអាករសម្លាប់ប្រពន្ធនិងកូនដល់ច្រកប៉ោយប៉ែតបានហើយ

នៅទីបំផុត, កម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្តាលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានចុះស្រាវជ្រាវតាមចាប់ឃាត់ខ្លួនឃាតករជាប្ដីដែលកាប់សម្លាប់ប្រពន្ធ​និងកូន​នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល​ បានហើយ នៅថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០២៣នេះ។

ករណីឃាតកម្មបានកើតឡើងកាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ចំណុចផ្ទះមួយកន្លែងស្ថិតក្នុងភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

បើតាមប្រភពពីកន្លែងកើតហេតុថា ហេតុដែលនាំឲ្យប្ដីសម្លាប់ប្រពន្ធ និងកូនស្រីតូច ហើយបន្សល់ទុកកូនប្រុស២នាក់ទៀតឲ្យនៅតែតោលនោះ ទំនងផ្ដើមចេញពីភ្លើងប្រច័ណ្ឌ។

ជនដៃដល់ជាប្ដីឈ្មោះ ម៉ែន សំអាង អាយុ ៣៦ឆ្នាំ រីឯជនរងគ្រោះ មានចំនួន២នាក់៖ ទី១៖ឈ្មោះ ឃឿន ស្រីវល័ក្ខអាយុ ៣២ឆ្នាំ និងទី២៖ កូនស្រីអាយុ ២ឆ្នាំ ឈ្មោះ អឿន ចន្ទសីម៉ា។

គួរជម្រាបជូនថា លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានដឹកនាំបញ្ជាផ្ទាល់ឲ្យកម្លាំងសមត្ថកិច្ចជំនាញចុះដល់កន្លែងកើតហេតុនិងបើកការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនសង្ស័យភ្លាមៗ រហូតចាប់ឃាត់ខ្លួនបានជាស្ថាពរនៅថ្ងៃនេះ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង