ក្រុមប្រឹក្សាជាតិកម្ពុជាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌ ករណីឃាតកម្មប្ដីសម្លាប់ប្រពន្ធ និងឪពុកសម្លាប់កូនស្រីអាយុ២ឆ្នាំនៅស្រុកកណ្តាលស្ទឹង

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា(ក.ជ.ក)បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌ករណីឃាតកម្មប្ដីសម្លាប់ប្រពន្ធ និងឪពុកសម្លាប់កូនស្រីអាយុ២ឆ្នាំនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងសេចក្ដីថ្លែងការណ៍ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ពិតជាសោកសង្វេគចំពោះករណីឃាតកម្ម ដែលបង្កឡើងដោយជនសង្ស័យជាស្វាមី និងជាឪពុកឈ្មោះ ម៉ែន សំអាង អាយុ ៣៦ឆ្នាំ បានធ្វើឃាតទៅ លើប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ ៣២ឆ្នាំ និងកូនស្រីបង្កើតឈ្មោះ អឿន ចន្ទសីម៉ា អាយុ ២ឆ្នាំ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៦:០០នាទី នៅភូមិពោធិស្មាត ឃុំជើងកើប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌របស់ ជនសង្ស័យជាស្វាមី និងជាឪពុក ដែលបានធ្វើឃាតប្រពន្ធ និងកូនស្រីបង្កើតខាងលើ ឱ្យស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម។

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក៏ដូចជាសាធារណជនទូទៅ ពិតជាមានក្តី ឈឺចាប់ រន្ធត់ តក់ស្លុតឥតឧបមា ចំពោះករណីឃាតកម្មទៅលើប្រពន្ធ និងកូនស្រីបង្កើត បង្កឡើងដោយជន សង្ស័យជាឪពុក ដែលបង្ហាញពីអំពើឃោរឃៅ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌ និងបានរំលោភបំពានយ៉ាង ធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេសសិទ្ធិរស់រានមានជីវិត ដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័ន និងមាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន។

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមអំពាវនាវដល់ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអង្គការពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ មេត្តាយកចិត្តទុកដាក់ចាត់វិធានការតាមផ្លូវច្បាប់ និងកំណត់ ស្ថានទម្ងន់ទោសមិនអាចលើកលែងបានចំពោះជនល្មើសរូបនេះ ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះកើតមានក្នុង សង្គមជាតិយើងបន្តទៀត។

គួរជម្រាបថា អំពើឃាតកម្មខាងលើនេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅតាមបណ្ដាញសង្គមក្រោយប្ដីយកកាំបិតអារក សម្លាប់ប្រពន្ធ និងកូនស្រីអាយុ២ឆ្នាំ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅក្នុងផ្ទះកាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះមួយកន្លែងស្ថិតក្នុងភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនដៃដល់ជាប្ដីឈ្មោះ ម៉ែន សំអាង អាយុ ៣៦ឆ្នាំ ខណៈជនរងគ្រោះដែលស្លាប់ ទី១៖ឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣២ឆ្នាំ ជាប្រពន្ធ និងទី២៖ កូនស្រីអាយុ២ឆ្នាំឈ្មោះ អឿន ចន្ទសីម៉ា៕

អត្ថបទដែលជាប់ទាក់ទង