ឯកឧត្តម ឯម ច័ន្ទមករា៖ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌នេះគឺជាការប្រកួតដ៏មានអត្ថន័យ

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានចាត់ទុកការរៀបចំព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ដើម្បីប្រមូលមូលនិធិជួយទៅដល់ជនមានពិការភាពគ-ថ្លង់នៅកម្ពុជា បានបង្ហាញពីមិត្តភាពនិងសាមគ្គីភាពរបស់ប្រជាជនខ្មែរយើង ដែលរស់នៅក្រោមដំបូលនៃសុខសន្តិភាព។

បើតាមលោក ឆាត់ ឡេងសុជាតិ បានលើកឡើងថា គំនិតនៃការចង់ឲ្យមានការប្រកួតបាល់ទាត់រវាងកីឡាករនិងកីឡាករដែលជាជនមានពិការភាពគឺដើម្បីចង់បង្ហាញនូវការសាមគ្គីភាពនិងជាការលើកទឹកចិត្តជំរុញទៅដល់ជនមានពិការភាពនៅកម្ពុជា។

បើតាមតំណាងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ លោក ចែម ចាន់ដារា (ហៅនាយពាក់មី) បានលើកឡើងថាការជួយទៅដល់ជនមានពិការភាពគឺជាការបង្ហាញនូវការមិនទុកអ្នកណាម្នាក់ចោលហើយក៏ជាបំណងក្នុងស្មារតីនៃក្រុមរបស់លោកផងដែរ។

ជាមួយនោះ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌នេះឡើងគឺជាការប្រកួតដ៏មានអត្ថន័យ និងផ្តល់ឱកាសជួបជុំប្រកបដោយក្តីសប្បាយរីករាយនិងស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំក្រសួង អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក្រុមកីឡាជនមានពិការភាពនិងមិនមានពិការភាព បងប្អូនសប្បុរសជន និងជនមានពិការភាពទាំងអស់។

ឯកឧត្តមបន្តថា ទាំងអស់នេះ ឆ្លុះបញ្ចាំងពីមិត្តភាពនិងសាមគ្គីភាពរបស់ប្រជាជនខ្មែរ ដែលរស់នៅក្រោមដំបូលនៃសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបានបង្ហាញអំពីការផ្តល់សិទ្ធិសេរីភាពក្នុងការចូលរួមដោយឥតរើសអើងនិងជាការលើកស្ទួយតម្លៃនិងសមត្ថភាពរបស់ជនមានពិការភាព ស្របតាមការធានារបស់ច្បាប់ជាតិ និងអន្តរជាតិ។

ឯកឧត្តមបន្តទៀតថា ៖ «ការស្រឡាញ់និងការយកចិត្តទុកដាក់ទាំងអស់នេះ មានន័យថាបងប្អូនមានពិការភាពមិនត្រូវបានផាត់ចេញពីសង្គមកម្ពុជានោះឡើយ»។

ការប្រកួតនេះគឺជាការប្រកួតលើកដំបូងរវាងក្រុមកីឡាករមានកាយសម្បទាគ្រប់គ្រាន់ ជាមួយនឹងក្រុមកីឡាករដែលមានពិការភាពនៅកម្ពុជា បើមានអ្នកចូលរួមយ៉ាងច្រើនកុះករនៅពហុកីឡាដ្ឋានស្ដាតចាស់ក្នុងរាជធានីភ្នំពេញ។ ការប្រកួតក៏មានផ្ដល់ពានរង្វាន់ទៅដល់ក្រុមដែលឈ្នះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង