ឯកឧត្តម ឯម ច័ន្ទមករា៖ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន សម្ដេចធិបតី ហ៊ុន ម៉ាណែត សមិទ្ធផលនៃកិច្ចគាំពារដល់ជនមានពិការភាពជាច្រើនត្រូវបានសម្រេចឡើង

«ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន សម្ដេចធិបតី ហ៊ុន ម៉ាណែត សមិទ្ធផលនៃកិច្ចគាំពារដល់ជនមានពិការភាពជាច្រើនត្រូវបានសម្រេចឡើងដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ជនមានពិការភាព (ជម្រាល កន្លែងចតយានយន្ត ផ្លូវដើរសម្រាប់ជនមានពិការភាពភ្នែក….)។ លើសពីនេះរដ្ឋក៏បានបើកផ្ដល់ប្រាក់របបគោលនយោបាយសម្រាប់ជនមានពិការភាពក្រីក្រ ការរៀបចំនូវច្បាប់ស្ដីពីការលើកកម្ពស់សិទ្ធិជនមានពិការភាព ដែលបានផ្ដល់ការគាំទ្រដល់ជនមានពិការភាពតាំងពីចាប់កំណើតរហូតដល់មរណភាព»

នេះជាការបញ្ជាក់របស់ឯកឧត្តម ឯម ច័ន្ទមករារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងសន្នីសិទសារព័ត៌មានព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនចេញដំណើរទៅចូលរូមវេទិការអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-អាមេរិក នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី តំណាងឱ្យឯកឧត្ដមរដ្ឋមន្ត្រីសង្គមកិច្ច។

ក្នុងនោះ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា កម្ពុជាមានមោទនភាពក្នុងការពាំនាំនូវលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការគាំពារដល់ជនមានពិការភាពនៅក្នុងប្រទេសទៅប្រាប់ប្រទេសនានាក្នុងតំបន់អាស៊ាន។ ឯកឧត្តមបន្តថា កម្ពុជាមានលទ្ធផលជាច្រើនក្នុងការបង្ហាញទៅប្រទេសនានាក្នុងតំបន់អាស៊ាន ហើយនឹងអាចចែករំលែកបទពិសោធន៍ជាច្រើនដល់ប្រទេសផ្សេងទៀតផងដែរ។

ជាមួយនោះ ឯកឧត្តមរដ្ឋលេខាធិការបន្តទៀតថា៖ «នៅក្នុងកិច្ចប្រជុំនេះយើងនឹងមានមោទនភាពក្នុងការពាំនាំនូវលទ្ធផលជាច្រើនរបស់កម្ពុជាយើងជូនទៅកិច្ចប្រជុំរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន»។

គួរជម្រាបថា វេទិកាអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-អាមេរិក ស្តីពីអភិវឌ្ឍន៍បរិយាបន្នពិការភាព និងភាពជាដៃគូលើសពីឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីអគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន និងប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ (AMMSWD) លោកស្រី Dato Sri Hajah Nancy Sukhri តំណាងពីរដ្ឋាភិបាលអាមេរិក រួមទាំងរដ្ឋមន្ត្រីសង្គមកិច្ចនៃប្រទេសក្នុងតំបន់អាស៊ានទាំងអស់។

វេទិកានេះនឹងផ្ដល់ឱ្យប្រទេសនានាក្នុងតំបន់អាស៊ានធ្វើបទបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រដល់ជនមានពិការភាពក្នុងប្រទេសខ្លួន និងការប្ដេជ្ញាចិត្តទៅថ្ងៃខាងមុខក្នុងការអភភិវឌ្ឍន៍ការលើកកម្ពស់ស្ថានភាពរបស់ជនមានពិការភាពក្នុងការចូលរួម និងទទួលផលពីសកម្មភាពនានារបស់សង្គមដោយមិនរើសអើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង