នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ តំណាងសិក្ខាកាមចំនួន១២៩រូប ប្ដេជ្ញាស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា ចំពោះជាតិ ប្រជាជន និងបន្តថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំគ្រប់កាលៈទេសៈ
ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ តំណាងសិក្ខាកាមចំនួន១២៩រូបបានអញ្ជើញធ្វើការប្ដេជ្ញាចិត្តក្នុងពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី៧៦ នៅវិមាន៧ មករា
នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមអធិបតីឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីបិទវគ្គខាងលើ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានថ្លែងថា សិក្ខាកាមទាំងអស់បានចូលរួមវគ្គអប់រំនយោបាយជំនាន់ទី៧៦ដោយរលូន ជោគជ័យ ប្រកបដោយមោទនភាព និងមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ដោយ សិក្ខាកាមគ្រប់រូបបានចូលរួមគោរពវិន័យយ៉ាងខ្ជាប់ខ្ជួន ចូលរួមយ៉ាងសកម្មក្នុងស្មារតី យកចិត្តទុកដាក់ខ្ពស់ ត្រង់ត្រាប់រៀនសូត្រក្រេបជញ្ជក់កត់ត្រានូវរាល់ខ្លឹមសារមេរៀន និងបទឧទ្ទេសនាមរបស់លោកគ្រូ ព្រមទាំងបានចូលរួមមតិយ៉ាងផុសផុលនៅក្នុងការពិភាក្សា។ ឯកឧត្ដមបន្តថា ព្រមជាមួយនោះ សិក្ខាកាមមានការសាមគ្គីភាព និងមានទំនាក់ទំនងគ្នាដ៏ល្អ ក្នុងចំណោមសិក្ខាកាមដូចជាមន្ត្រីបម្រើឆន្ទះ ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងភាតរភាពយ៉ាងក្រៃលែង។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានបន្តថា
គណបក្សប្រជាជនកម្ពុជាតែងតែបានយកចិត្តទុកដាក់ខ្ពស់ និងប្រកាន់ភ្ជាប់តាំងពីដើមទីមកនូវការកសាងថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សរបស់គណបក្ស ជាពិសេសកសាងសមត្ថភាព គុណធម៌នូវជួរមន្ត្រីគណបក្សដើម្បីបំពេញសមត្ថភាពក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីបុព្វហេតុជាតិ មាតុភូមិនិងប្រជាជន។ ឯកឧត្ដមបន្តថា សិក្ខាកាមបានទទួលនូវពុទ្ធិថ្មីៗបន្ថែមទៀត មានមូលដ្ឋានត្រឹមត្រូវអំពីប្រវត្តិនៃគណបក្សប្រជាជនកម្ពុជា ខ្លឹមសារសំខាន់ៗ នៃកម្មវិធីនយោបាយ លក្ខន្តិកៈរបស់គណបក្សពីសភាពការណ៍កម្ពុជា និងសភាពការណ៍អន្តរជាតិ ពីការកសាងខ្លួនជាមន្ត្រីដ៏ល្អប្រពៃរបស់គណបក្សបម្រើគណបក្ស។ ឯកឧត្ដមបន្តថា លើមូលដ្ឋានចំណេះដឹងនេះ សិក្ខាកាមម្នាក់ៗទទួលបានសមត្ថភាពផ្ទាល់ខ្លួន មានការត្រិះរិះពិចារណាបានយ៉ាងត្រឹមត្រូវ ដើម្បីចូលរួមកសាងពង្រឹងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ក៏ដូចជាការអនុវត្តតួនាទី ភារកិច្ចនៃគណបក្សនិងរាជរដ្ឋាភិបាលបានប្រគល់ជូនប្រកបដោយប្រសិទ្ធភាព។
ជាមួយនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ
ក៏បានលើកពីសច្ចៈភាពជាប្រវត្តិសាស្ត្ររបស់គណបក្សក្នុងរយៈពេល៧២ឆ្នាំកន្លងមកនេះថា គណបក្សបានបង្ហាញឲ្យឃើញ ទោះបីជាត្រូវប្រឈមនឹងភាពបត់បែន និងការប្រែប្រួលយ៉ាងស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្ដី ក៏គណបក្សប្រជាជនកម្ពុជា នៅតែខិតផ្សារភ្ជាប់ខ្លួនជានិច្ចជាមួយប្រជាជន ពុះពារឆ្លងកាត់គ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្ររបស់ជាតិប្រកបវីវរភាពគឺការតស៊ូប្រឆាំងជាមួយរបបអាណានិគមនិយមដើម្បីឯករាជ ការពារឯករាជ្យ សន្តិភាព អព្យាក្រឹតរបស់កម្ពុជា។ ប្រឆាំងដាច់ខាតរាល់ការជ្រៀតជ្រែករបស់បរទេស ការតស៊ូរំដោះជាតិពីរបបសាធារណរដ្ឋខ្មែរ ការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ពុល ពត ដើម្បីសង្គ្រោះអាយុជីវិតជាតិ និងប្រជាជន។ ការកសាងជាតិ និងការស្ដារប្រទេសឡើងវិញនេះ ព្រមទាំងការថែរក្សានូវសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ ការការពារនិងសង្គ្រោះអាយុជីវិតប្រជាជនពីជំងឺកូវិដ១៩ និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាជន។ល។
ឯកឧត្ដមបន្ថែមថា គណបក្សប្រជាជនកម្ពុជាតែងតែរក្សាបានសារជាតិនិងឧត្តមគតិរបស់ខ្លួនឥតកែប្រែ គឺតែងឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះរាល់ឧបសគ្គ ហ៊ានធ្វើពលិកម្មដោយឥតរួញរា ក្នុងបុព្វហេតុការពារ កសាងប្រទេសកម្ពុជាឲ្យមានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ឯកឧត្តមបន្តថា គណបក្សមានមនោគមវិជ្ជាច្បាស់លាស់ ដោយប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សលើកកម្ពស់មនសិការស្នេហាជាតិ បម្រើប្រជាជន អនុវត្តន៍ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ និងអនុវត្តន៍គោលនយោបាយបរទេសឯករាជដោយផ្នែកលើច្បាប់ និងបើកទូលាយទំនាក់ទំនងជាមួយបណ្ដារប្រទេសទាំងអស់លើសាកលលោកដើម្បីធ្វើជាមូលដ្ឋានកម្មវិធីនយោបាយ និងសកម្មភាពរបស់ខ្លួនដោយផ្នែកលើសភាពការណ៍ជាក់ស្ដែងក្នុងប្រទេស និងនិន្នាការនៅលើសាកលលោក។
ទន្ទឹមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ តំណាងសិក្ខាកាមចំនួន១២៩រូបបានធ្វើការ
ប្ដេជ្ញាដូចតទៅ៖*ទី១៖បន្តរក្សាការពារសារជាតិ និងឧត្ដមគតិដ៏បរិសុទ្ធរបស់គណបក្សក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនឲ្យបានឋិតថេរជាដ៏រាប។*ទី២៖ បន្តថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំគ្រប់កាលៈទេសៈ។*ទី៣៖ បន្តការពារថែរក្សាគណបក្ស ការពារសន្តិភាព រាល់សមត្ថភាព រាល់សមិទ្ធិផល និងស្នាដៃនានា ជាប្រវត្តិសាស្ត្រ របស់គណបក្សទោះស្ថិតក្នុងតម្លៃណាក៏ដោយឲ្យបានគង់វង្សជានិរន្តរិ៍តរៀងទៅ។*ទី៤៖ ស្មោះត្រង់ចំពោះគណបក្ស ចំពោះជាតិ ប្រជាជន ដោយខិតខំពង្រឹងសមត្ថភាព គុណធម៌ស្អាតស្អំ អត់ធ្មត់ តស៊ូប្ដូរផ្ដាច់ និងបុរេសកម្មនានាដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្ស។*ទី៥៖ ពង្រឹងស្មារតី អប់រំកសាងខ្លួន បន្តរៀនសូត្រជាប្រចាំ និងយកចំណេះដឹងដែលទទួលបានពីការអប់រំនយោបាយនេះ ទៅបន្តអប់រំផ្សព្វផ្សាយដល់សមាជិកតាមមូលដ្ឋានរបស់ខ្លួនឲ្យបានជ្រួតជ្រាបជាដ៏រាប។*ទី៦៖ ប្រឆាំងដាច់ខាតនូវរាល់ការឃោសនាមូលបង្កាច់ ឧបាយកលពឹសពុល ព្រមទាំងសកម្មភាពប្រទូសរ៉ាយនានារបស់ក្រុមប្រឆាំង និងពួកមជ្ឍដ្ធានអគតិ មិនអាចឲ្យយកឈ្នះលើគណបក្សយើងជាដាច់ខាត។*ទី៧៖ ពង្រឹងអង្គការចាត់តាំង និងពង្រឹងការចុះមូលដ្ឋានរៀងៗខ្លួនដើម្បីបន្តភាពខ្លាំងរបស់គណបក្សដែលមានវសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព រីកចម្រើនជឿនលឿន វិបុលភាព និងជានិរន្តរ៍តរៀងទៅ៕