សម្តេចធិបតី ហ៊ុន ម៉ាណែត ទូរសព្ទចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពនិស្សិតដែលទទួលមរណភាពនៅអ៉ីស្រាអែល
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុបានទូរសព្ទបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិតក្នុងការវាយប្រហាររវាងក្រុមហាម៉ាស់ និងទ័ពអ៉ីស្រាអែល។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣ បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត ដេីម្បីបញ្ជាក់ពីការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនប្រុស ចៅប្រុស និងប្អូនប្រុសជាទីស្រលាញ់ និងជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា ដែលបាន និងកំពុងបំពេញបេសកកម្មសិក្សាបង្កេីនសមត្ថភាព ដេីម្បីយកមកបម្រេីឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងប្រជាជនកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងតាមរយៈសារលើ ឆាណែលតេលេក្រាមសម្តេចថា៖«ជាមួយនឹងសេចក្តីសោកស្តាយចំពោះការបាត់បង់ធនធានមនុស្សរបស់កម្ពុជា ដោយនិស្សិត ចាន់ ឧត្តម និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបាត់បង់ជីវិតក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចាត់តាំងឯកឧត្តម មែ ស៉ីថន តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជេីញទៅសាកសួរសុខទុក្ខ នាំនូវសារលិខិតមរណ:ទុក្ខ និងរំលែកទុក្ខរបស់សម្តេចធិបតី និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមគ្រួសារនៃសព»។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បួងសួងដល់វិញ្ញាណក្ខន្ធនិស្សិត ចាន់ ឧត្តម បានទៅកាន់សុខគតិភព។
គួរជម្រាបថា ដេីម្បីជួយរំលែកបន្ទុកមួយចំណែក និងសេចក្តីសោកសង្រេងនៃការបាត់បង់និស្សិតចំពោះក្រុមគ្រួសារនៃសព សម្តេចធិបតីនាយករដ្ឋមន្ត្រី សម្រេចទទួលបន្ទុកលេីការនាំសពមាតុភូមិនិវត្តន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព ដោយរ៉ាប់រងការចំណាយទាំងអស់៕