អ្នកបន្តវេនដ៏មានសក្ដានុពលរបស់កម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិក ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា​

ភ្នំពេញ៖ អ្នកបន្តវេនដ៏មានសក្ដានុពលរបស់កម្ពុជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជា​ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿនស្ទើរគ្រប់វិស័យ។ការលើកទឹកចិត្តរបស់ឯកឧត្តមបណ្ឌិតបានធ្វើឡើងនៅក្នុងឱកាសលោកបានអនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដឹកនាំដោយលោក Michael Malacka ឯកអគ្គរដ្ឋទូត ជាអនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់ ចូលជួបពិភាក្សាការងារធុរកិច្ច​ និងវិនិយោគ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ នៅដើមសប្តាហ៍នេះ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដែលបានដឹកនាំក្រុមការងារ ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយធុរកិច្ច និងបង្កើនឱកាសវិនិយោគពីអាមេរិកមកកម្ពុជា។

ជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូត Michael Malacka ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់ឱកាសលើកដំបូងបំផុតដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចបានជួបសំដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីលោកត្រូវបានគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្ត ជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត។លោកឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរកម្ពុជាដែលបានទទួលជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្ត្រ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ពន្ធ័ផ្សេងៗទៀតកាលពីឆ្នាំ២០២២ កន្លងទៅ ដែលនេះបាននាំកិច្ចទំនាក់ទំនងអាមេរិក-កម្ពុជាឱយ កាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត។

ទន្ទឹមនោះ លោក ម៉ៃឃើល មីឆាឡាក់ ក៏បានគោរពជូនពរកម្ពុជា ឱ្យទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និង ការបោះឆ្នោតជាសកលនៅក្នុងខែកក្កដាខាងមុខ។

ឯកអគ្គរដ្ឋទូតក៏បានរាយការណ៍ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផង ដែរថា៖ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានអាយុកាលជាង ៣៧ឆ្នាំហើយ និងមានសមាជិកដែលជាក្រុមហ៊ុនយក្សអាមេរិកជាង ១៨០ក្រុមហ៊ុន (Fortune 500 Companies) បានទទួលការសម្របសម្រួល និងជួយជ្រោមជ្រែងដល់ការធ្វើធុរកិច្ច និងវិនិយោគនៅអាស៊ាន ហើយនាពេលនេះ ក្រុមហ៊ុនជាងដប់ បានចូលរួមជាមួយគណៈប្រតិភូ ដើម្បីពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសជួយដល់ផែនការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា, បច្ចេកវិទ្យា និងនវានុវត្តន៍, លទ្ធភាពទទួលហិរញ្ញប្បទាន របស់ SME, ថាមពល និងហេដ្ឋារចនាសម្ព៍ន្ធ, ផលិតផលដែលមានតម្លៃបន្ថែមខ្ពស់, និងការបណ្តុះបណ្តាលធនធានមនុស្ស, យុវជននិង SME ។

ក្រុមហ៊ុនទាំងអស់ក៏បានគោរពរាយការណ៍ជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំ នូវបទពិសោធន៍ បច្ចុប្បន្នភាពការងារ និងសំណូមពរមួយចំនួន ដើម្បីឯកឧត្តមបណ្ឌិតបានជ្រាបពីស្ថានភាពជាក់ស្តែងរបស់ការធ្វើធុរកិច្ច និងវិនិយោគរបស់ក្រុមហ៊ុនទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង