ក្រុមអ្នកលេងល្បែងបានប្រើហិង្សាដាក់គ្នាក្នុងកាស៊ីណូ យីហោ «ថ្មពេជ្រ» នៅស្រុកលើកដែក!

ក្រុមអ្នកលេងល្បែងក្នុងកាស៊ីណូ យីហោ «ថ្មពេជ្រ» បានបង្កហិង្សាដាក់គ្នាកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ស្ថិតនៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបន្តថា ករណីហិង្សាខាងលើបង្កឡើងរវាងបុរសអ្នកលេងល្បែងម្នាក់ជនជាតិវៀតណាម និងស្ត្រីអ្នកលេងមកល្បែងជនជាតិវៀតណាមដូចគ្នា ប៉ុន្តែករណីនេះ ភាគីទាំងសងខាងមិនបានដាក់ពាក្យបណ្ដឹងទៅអធិការដ្ឋាននរគបាលស្រុកលើកដែកទេ។

បើតាមប្រភពបន្តថា ជាគោលការណ៍កាស៊ីណូនីមួយៗនៅកម្ពុជា គេមិនតម្រូវឱ្យប្រជាជនខ្មែរចូលលេងល្បែងស៊ីសងនោះទេ លើកលែងតែជនជាតិខ្មែរដែលជាអ្នកបម្រើការនៅទីនោះតែប៉ុណ្ណោះ។ ហើយតែបើករណីមានជនជាតិខ្មែរចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូ គឺជារឿងខុសច្បាប់ដែលទាមទារឱ្យអាជ្ញាធរចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់។ ប៉ុន្តែកាស៊ីណូខាងលើបែរជាបើកលេងល្បែងស៊ីសង ជាប្រចាំនិងបានកៀងគរឱ្យខ្មែរឲ្យចូលលេងល្បែងទៀតផង ដែលទីតាំងខាងលើនេះ បានធ្វើអាជីវកម្ម បើកលេងល្បែងស៊ីសងរៀងរាល់ថ្ងៃ ហើយភាគច្រើនជាពលរដ្ឋនៅរាជធានីភ្នំពេញ ស្រុកកៀនស្វាយ អ្នកលឿង និងនៅស្រុកលើកដែក ខេត្តកណ្ដាល។

ប្រភពព័ត៌មានអះអាងថា ជារៀងរាល់លើក ពួកគេបើករថយន្តដឹកគ្នាផង ដឹកមាន់ជល់ផង និងខ្លះទៀត ជិៈម៉ូតូស្ពាយកន្ត្រក មាន់ជល់ផងដើម្បីមកប្រមូលផ្ដុំគ្នាលេងល្បែង បញ្ជល់មាន់ បៀរ អាប៉ោង យូគី និងល្បែងស៊ីសងផ្សេងៗទៀត ដោយភ្នាល់ចាក់លុយធំៗទៀតផង។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្នុងនោះក៏មានជនជាតិវៀតណាមមួយចំនួន បានសម្រុកមកលេងល្បែង ក្នុងកាស៊ីណូខាងលើ ដោយពួកគេឆ្លងដែន ចូលមកតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណ ពុំមានការត្រួតពិនិត្យ និងគ្មានមានលិខិតស្នាម ឬប៉ាស្ព័រនោះទេ ខណៈអាជ្ញាធរ និងសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណមិនទាន់មានវិធានការនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង