មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ណែនាំឲ្យចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការទាំងអស់ ត្រូវអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម សួន វិសាល បានណែនាំឲ្យចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការទាំងអស់ ត្រូវអនុវត្តច្បាប់ឲបានត្រឹមត្រូវ ជូនប្រជាពលរដ្ឋដើម្បីធានាថា ការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបាន លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។
ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងក្រឡាបញ្ជី នៅសាលាដំបូងខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងថា ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងត្រូវប្រកាន់ខ្ជាប់ភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តន៍ច្បាប់ឲបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ។
ឯកឧត្តម សួន វិសាល បានលើកឡើងបន្ថែមថា មន្រ្តីទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការ ដោយប្រកាន់ខ្ជាប់នូវវិន័យក្រមសីលធម៌ វិជ្ជាជីវៈ ទាំងពេលបំពេញការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងចូលរួមប្រកបកិច្ចការងារដោយឆន្ទៈនិងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តន៍យុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ឲ្យបានលឿននិងឆាប់រហ័សជូនបងប្អូនប្រជាពលដ្ឋ ហើយដើម្បីធ្វើកិច្ចការនេះអោយបានជោគជ័យក្រសួងយុត្តិធម៌ក៍បានធ្វើច្បាប់មួយចំនួនស្ដីពីភរកិច្ចរបស់ក្រឡាបញ្ជី និងអាជ្ញាសាលាដើម្បីជួយអនុវត្តន៍ភាកិច្ចនៅសាលាដំបូងរាជធានីខេត្តផងដែរ៕