តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន វេរនិងប្រគេនភត្តហាដល់ព្រះសង្ឃចំនួន២វត្តក្នុងវេនកាន់បិណ្ឌទី១១
អនុប្រធានក្រុមការងារ ថ្នាក់ជាតិទទួលបន្ទុកយុវជនគណបក្ស ស្រុកល្វាឯម និងក្រុងអរិយក្សត្រ ឯកឧត្តម ជាប ដាវុធ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល រួមជាមួយប្រជាពលរដ្ឋ និងក្រុមយុវជនស្រុកល្វាឯម និងក្រុងអរិយក្សត្រ នាព្រឹកថ្ងៃអង្គារទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី១១ និងបាននាំយកទេយ្យវត្ថុ និងថវិកាទៅប្រគេនដល់ព្រះសង្ឃ នៅវត្តចំនួន២គឺពៅមុន្នីទួលទ្រាលស្ថិតក្នុងសង្កាត់កោះរះក្រុងអរិយក្សត្រនិងវត្តបុទុមចេតិយស្ថិតក្នុងឃុំកោះរះស្រុកល្វាឯមខេត្តកណ្ដាល។
ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មតទុកថា ជាថ្ងៃបុណ្ឌភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុសស្រី ក្មេងចាស់ នៅទូទាំងប្រទេសកម្ពុជានាំគ្នាទៅធ្វើបុណ្យ នៅវត្តដោយមានទឹកមុខរីករាយស្រស់ស្រាយ ពោរពេញទៅដោយជំនឿជឿជាក់ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យ ជឿបាប ជឿកម្មផល។ ទាំងអស់គ្នាសុទ្ធតែមានសម្លៀកបំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ ថ្ងៃនេះនៅគ្រប់វត្តទូទាំងប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរ គគ្រឹកគគ្រេង ធ្វើឱ្យបរិយាកាសនៅក្នុងវត្តមាន ភាពឱឡារិក អធិកអធមក្រៃលែង សំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណីបានបន្លឺរងំ រណ្តំ ពីរោះ ត្រជាក់ ដល់សោតិន្ទ្រិយារម្មណ៍ និងគួរឱ្យ រំភើបរីករាយពន់ប្រមាណ។
នៅក្នុងវេនកាន់បិណ្ឌនេះ ឯកឧត្តម ជាប ដាវុធ ក៏បានប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន២វត្ត ក្នុង១វត្តទទួលបាន ទឹកសុទ្ធ ទឹកក្រូច ត្រីខ មី ស្កស អង្ករ និងបច្ច័យមួយចំនួនផងដែរ។
ឯកឧត្តមរួមទាំងលោកអភិបាលក្រុងអរិក្សត្រ លោកអភិបាលស្រុកល្វាឯម រួមទាំងក្រុមការងារក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត៕