មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ កម្ពុជាសង្ឃឹមថា សហរដ្ឋអាមេរិកនឹងផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង និងថាមពលកកើតឡើងវិញ ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន ពិសេសសម្រាប់ជនមានពិការភាព
«កម្ពុជាសង្ឃឹមថា សហរដ្ឋអាមេរិកនឹងផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង និងថាមពលកកើតឡើងវិញ ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន ពិសេសសម្រាប់ជនមានពិការភាព និងផ្តល់ការបណ្តុះបណ្តាលសម្រាប់អ្នកពាក់ព័ន្ធលើបញ្ហាលទ្ធភាពប្រើប្រាស់ដែលប្រឈមមុខនឹងជនមានពិការភាព»។
នេះ ជាការថ្លែងរបស់ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងកិច្ចសន្ទនាជាន់ខ្ពស់អាស៊ាន-អាមេរិក ស្តីពីពិការភាព “អភិវឌ្ឍន៍បរិយាបន្នពិការភាពនិងភាពជាដៃគូ ក្រោយឆ្នាំ២០២៥” នាថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី។
ឯកឧត្តម ឯម ច័ន្ទមករា សង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តជួយជ្រោមជ្រែងដល់អាស៊ាន តាមរយៈក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន-សហរដ្ឋអាម៉េរិក ដើម្បីធ្វើយ៉ាងណាឱ្យជនមានពិការភាពទទួល បាននូវការរស់នៅដោយឯករាជ្យ និងចូលរួមយ៉ាងពេញលេញក្នុងគ្រប់ទិដ្ឋភាពនៃជីវិត។
ជាមួយនោះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការលើកកម្ពស់ទម្រង់ជំនួយ និងជំនួយសមស្របផ្សេងទៀតដល់ជនមានពិការភាព ដើម្បីធានាការទទួលបានព័ត៌មានគឺពិតជាមានការចាំបាច់។ ការលើកកម្ពស់ការប្រើបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងថ្មីៗ រួមទាំងប្រព័ន្ធអ៊ីនធឺណិតដែលធ្វើឱ្យជនមានពិការភាពទទួលនូវបានការបង្កប្រើប្រាស់នាពេលបច្ចុប្បន្នគឺជាការឆ្លើយតបយ៉ាងសំខាន់ក្នុងការឈានទៅសម្រេចឱ្យខាងតែបាននូវដំណើរការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន ជាពិសេសកិច្ចខិតខំប្រឹងប្រែងបង្កើនឯករាជ្យភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជនមានពិការភាព។
ទន្ទឹមនេះដែរ ឯកឧត្តម ឯម ច័ន្ទមករា ក៏បានលើកឡើងថា ការគាំទ្រនិងការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងដំណើរការនៃការកសាងសហគមន៍អាស៊ានសម្រាប់វិស័យពិការភាពពិតជាមានសារៈសំខាន់ ជាពិសេសក្នុងបរិការណ៍នៃការជំរុញការស្តារអាស៊ានឡើងវិញចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ការពង្រឹងបរិយាបន្នដែលឈានទៅសម្រេចបាននៃសិទ្ធិជនមានពិការភាពឲ្យបានពេញលេញដោយការផ្តោតលើកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពដែលអាចប្រើប្រាស់បាននូវហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយដឹកជញ្ជូន និងបច្ចេកវិទ្យាណៈប្រកបដោយបរិយាបន្នចំពោះជនមានពិការភាព ក៏ដូចជាសក្តានុពលភាពចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកនៅក្នុងវិស័យទាំងនេះ។
ឯកឧត្តមរដ្ឋលេខាធិការ រំពឹងថាកិច្ចសន្ទនាជាន់ខ្ពស់អាស៊ាន-អាមេរិកស្តីពី សិទ្ធិជនមានពិការភាព នាថ្ងៃនេះ នឹងមានការផ្លាស់ប្ដូរមតិយោបល់ល្អៗ និងជឿជាក់ថាស្មារតី «រួមគ្នាធ្វើ» នឹងអាចនាំមកនូវលទ្ធផលជាក់ស្ដែង សម្រាប់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពអាស៊ាន-សហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខដើម្បីសម្រេចបាននូវសក្តានុពលចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ក្នុងវិស័យសង្គមកិច្ច ពិសេសផ្តោតលើពិការភាព៕