Breaking News: កញ្ញា ខៃ ស្រីពេជ្រ និងបងប្អូនត្រកូលខៃដាក់ពាក្យស្នើសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៦៨៨របស់សាលាដំបូងខេត្តកំពត
ភ្នំពេញ៖ ដោយសារតែមានភាពយឺតយ៉ាវនិងមិនអាចទទួលយកបានពីក្រុមជនបង្ក ទើបនៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ បងប្អូនក្រុមគ្រួសាររបស់ កញ្ញា ខៃ ស្រីពេជ្រ រួមទាំងឈ្មោះ ខៃ ពិសិដ្ឋ, ឈ្មោះ ខៃ មុនីរតនៈ ជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៦៨៨ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកំពត មានទីលំនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ទូរស័ព្ទលេខ ០១១៥៣៣៣១៨បានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យជួយអន្តរាគមន៍ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៦៨៨ ចុះថ្ងៃទី០១ ខែ
កញ្ញា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកំពត ដែលពួកគាត់មិនទាន់ទទួលបានយុត្តិធម៌។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៣។
នៅក្នុងពាក្យសុំកិច្ចអន្តរាគមន៍នោះ បានឲ្យដឹងថាកាលពីវេលាម៉ោង៤:៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ ភូមិបឹងតារោម ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត មានរថយន្តដឹកដីធុនធ្ងន់០១គ្រឿង បើកបរដោយឈ្មោះ អ័ង ភី អាយុ២៣ឆ្នាំ (គ្មានប័ណ្ណបើកបរប្រភេទ គ) បានកាច់ចង្កូតមកបុករថយន្តគ្រួសាររបស់ពួកខ្ញុំទាំងកម្រោលហាក់ដូចជាមានចេតនា ហើយក៏រត់គេចខ្លួនបាត់ បណ្តាលឲ្យម្តាយរបស់ខ្ញុំបានស្លាប់ ចំណែក
ឪពុកបែកសួត បាក់ដៃរងរបួសធ្ងន់ និងបងប្រុសនាងជាអ្នកបើកបរបាក់ដៃ ព្រមទាំងគ្រេចករងរបួសធ្ងន់ រថយន្តខូចខាតទាំងស្រុង។ ក្រោយពេលកើតហេតុសមត្ថកិច្ចមិនស្គាល់អត្តសញ្ញាណជនបង្កហេតុទេ ស្គាល់អត្តសញ្ញាណម្ចាស់ឡាន និងម្ចាស់ក្រុមហ៊ុនអាជីវកម្មព្រោះមានបិទឈ្មោះលើរថយន្តបង្ក។
ប្រភពព័ត៌មានបន្តថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចស្រុកបានហៅពួកខ្ញុំជាភាគីរងគ្រោះទៅដោះស្រាយ ដោយប្រាប់ថាមានតំណាងក្រុមហ៊ុនម្នាក់ឈ្មោះ ចេង សុវណ្ណ អាយុ ២៤ឆ្នាំ ជាអ្នកចេញមុខទទួលខុសត្រូវ ចំណែកម្ចាស់ដេប៉ូដែលមានឈ្មោះ អុីវ ធូ បិទអក្សរលើឡានបង្កនោះ មិនបានចូលខ្លួនទេ។
ពេលនោះភាគីខាងឡានបង្កឈោ្មះ ចេង សុវណ្ណ បានប្រាប់ថាខ្លួនជាម្ចាស់រថយន្ត តែមិនមានឯកសារឡានតាមខ្លួនទេ ហើយតៃកុងឡានដែលបើកបង្កគ្រោះថ្នាក់នេះ ក៏ខ្លួនមិនស្គាល់ដែរ គឺពូរបស់ខ្លួនឈ្មោះ ស៊ីវ ធូ ជាអ្នករើសដាក់បញ្ជាផ្ទាល់ និងគ្រប់គ្រងជំនួស ហើយចំពោះករណីនេះ ឈ្មោះ ចេង សុវណ្ណ បាននិយាយចំពោះមុខអង្គប្រជុំថាខ្លួននឹងរកប្រាក់មកសងការខូចខាតលើករណីនេះ បើសិនជាមិនគ្រប់គ្រាន់ពូរបស់គេឈ្មោះ អ៊ុន ធូ និង
ជួយចេញបន្ថែមទៀត ព្រោះរកស៊ីជាមួយគ្នា។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ស្រាប់តែនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ឈ្មោះ ចេង សុវណ្ណ នេះ បានផ្លាស់ប្ដូរពាក្យសម្តីរបស់ខ្លួន ដោយនិយាយថា គេមានលុយត្រឹម៥០០០$ប៉ុណ្ណោះ ចង់ទារលើសនឹង ទៀតក៏គ្មានដែរ ហើយតៃកុងឡានក៏រត់បាត់ដែរ។ ចំនួន៥០០០$ ដុល្លារនេះ ពួកខ្ញុំទាំងអស់គ្នាមិនអាចទទួលយកបាន ដោយសារវាមិនសមរម្យនៃ សោកនាដកម្មដែលគ្រួសាររបស់គាត់បាត់បង់ឡើយ។ ក្រោយមកទៀត ដោយសារសមត្ថកិច្ចរកអត្តសញ្ញាណជនបង្កមិនឃើញ ពួកគាត់បានជួលក្រុមអ្នកបច្ចេកទេសឲ្យជួយតាមដានតាមបណ្តាញសង្គមវិញម្តង ហើយបានទទួលភស្តុតាងមួយចំនួនធំ ដែលបង្ហាញថា ឈ្មោះ ស៊ីវ ធូ បានឆាតឆ្លងឆ្លើយគ្នាជាមួយជនបង្ក និងណែនាំឲ្យជនបង្កគេចខ្លួន ដែលពេលនោះជនបង្កបានលុបរូប ចេញពីគណនីទាំងអស់។ ពួកគាត់បានឃើញរូបចាស់ៗដែលបង្ហោះមុនថ្ងៃកើតហេតុ បញ្ជាក់ថារថយន្តបង្កហេតុនោះជារបស់ឈ្មោះ ស៊ីវ ធូ ហើយទុកនៅដេប៉ូរបស់ ស៊ីវ ធូ ជារៀងរាល់ថ្ងៃ ហើយតាមពិតឈ្មោះ ចេង សុវណ្ណ គ្រាន់តែមានចំណែកក្នុងការចូលហ៊ុនគ្នាទិញរថយន្តតែប៉ុណ្ណោះ ចំពោះដំណើរការអាជីវកម្មគឺស្ថិតលើឈ្មោះ ស៊ីវ ធូ ជាអ្នកគ្រប់គ្រងទាំងស្រុង។ ថ្ងៃបន្តបន្ទាប់ទៀត ពួកគាត់បានរកឃើញរូបថតរបស់ជនបង្កទាំងប្រពន្ធ និងទាំងគ្រួសាររបស់គេតែម្តង ហើយបានបង្ហោះចែកចាយជាសាធារណៈតាមបណ្ដាញសង្គម ទើបសមត្ថកិច្ចរកអត្តសញ្ញាណឃើញ។
ប្រភពបន្តទៀតថា មាននគរបាលខេត្តម្នាក់ ដែលគេមានចិត្តអាណិតគ្រួសាររបស់គាត់ បានមកលួចខ្សឹបប្រាប់ថា ភាគីខាងឡានបង្កហេតុ គឺជាក្មួយរបស់សមត្ថកិច្ចស្រុកទឹកឈូដែលទទួលសំណុំរឿងនេះ ដូច្នេះហើយទើបមានការយឺតយ៉ាវក្នុងការដោះស្រាយ។
ក្រោយមកទៀតនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នគរបាលស្រុកទឹកឈូ បានបញ្ជូនសំណុំរឿងពួកគាត់នេះទៅស្នងការដ្ឋាន ហើយស្នងការដ្ឋានមិនបានកោះហៅពួកគាត់ដោះស្រាយទេ ក៏បានបញ្ជូនបន្តភ្លាមៗទៅកាន់តុលាការតែម្ដង។ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ជនបង្កហេតុឈ្មោះ អ័ង ភី ត្រូវបានចាប់ខ្លួន បញ្ជូនមកកាន់ស្នង ការដ្ឋាន នៅពេលល្ងាចម៉ោង៥ ហើយគ្រានោះទាំងគ្រួសារជនបង្ក ទាំងប្តីប្រពន្ធ អុីវ ធូ និងប្ដីប្រពន្ធ ចេង សុវណ្ណ បាននាំគ្នាមកពិភាក្សាជាមួយសមត្ថកិច្ច រកដំណោះស្រាយរហូតដល់យប់។
ចាប់តាំងពីថ្ងៃនោះមក អ្វីៗមានការប្រែប្រួលដូចបានរៀបចំទុកជាមុន ដោយឈ្មោះ ស៊ីវ ធូ បានលុបឆាត និងខមមិន និងរូបឡានដែលបង្កហេតុ ព្រមទាំងរូបភាពធ្លាប់ពាក់ព័ន្ធ ចោលទាំងអស់ ហើយបានបង្គាប់ឲ្យឈ្មោះ ចេង សុវណ្ណ ដើរតួតែម្នាក់ឯងក្នុងការទទួលខុសត្រូវ ក្នុងបំណងដើម្បីកុំឲ្យគ្រួសាររងគ្រោះទារសងច្រើន ព្រោះដឹងថាឈ្មោះ ចេង សុវណ្ណ ជាអ្នកក្រគ្មានលទ្ធភាពសង ទោះទារប៉ុណ្ណាក៏ទារទៅ សំខាន់ឈ្មោះ ចេង សុវណ្ណ ថាខ្លួនមានលុយត្រឹម៥០០០$។ ក្រោយមកទៀត ពេលកសាងឯកសារទៅសមត្ថកិច្ចបានកែកំណត់ហេតុចម្លើយជាច្រើន ដោយសរសេរថា គ្មានជាប់ពាក់ព័ន្ធនឹងឈ្មោះ ស៊ីវ ធូ ដោយដាក់ថាឈោ្មះ ចេង សុវណ្ណ ជាថៅកែ ដែលខុសពីការបកស្រាយរបស់ ចេង សុវណ្ណ កាលលើកមុនដែលថា ខ្លួនមិនស្គាល់ អ្នកបើកបរនោះ។ ក្រោយមកទៀត នៅតុលាការ ពួកគេបានជួលមេធាវីម្នាក់ដើម្បីធ្វើចម្លើយប្រឌិត រឿងថា ការទទួសខុសត្រូវរដ្ឋប្បវេណី មិនមានជាប់ពាក់ព័ន្ធនឹងថៅកែដេប៉ូ។ ហើយខាងជនបង្ក បានយកប្រាក់ទៅឲ្យមេធាវីរត់ការ ដើម្បីសុំតុលាការនៅក្រៅឃុំចំនួនពីរលើក តែតុលាការមិនព្រម ដោយសារតែសំណុំរឿងធំ ហើយមិនទាន់បានដោះស្រាយសំណងជាមួយខាងពួកខ្ញុំដែលជាភាគីរងគ្រោះ។
ប្រភពបានអះអាងថា មកដល់ ពេលនេះ ពួកគេបានយកប្រាក់មួយចំនួន ទៅរត់ការប្តឹងដល់សាលាឧទ្ធរណ៍ទៀត ដើម្បីសុំនៅក្រៅឃុំ ទាំងប្រាក់សំណងលើគ្រួសាររបស់ជនរងគ្រោះ មិនទាន់ទទួលបាន និងមិនទាន់រកឃើញអ្នកទទួលខុសត្រូវ នៃការខូចខាតឲ្យបានជាក់លាក់នៅឡើយ។
ប្រភពដដែលបានបន្តទៀតថា អស់រយៈពេល៧ខែហើយ ដែលពួកគាត់ទន្ទឹងរងចាំភាពយុត្តិធម៌ យ៉ាងអន្ទះសា ខណៈដែលសោកនាដកម្ម បានកើតឡើង គឺវាធំធេងណាស់ទៅហើយ ដោយម្ដាយបានស្លាប់ ឪពុករបួសធ្ងន់ពិការមិនទាន់ជាដូចដើមវិញ និងគាត់របួសធ្ងន់ ពិកាដៃទាំងស្រុង បាត់បង់សមត្ថភាពប្រកបការងារដូចមុន បាត់បង់ប្រាក់ចំនូលក្នុងបន្ទុកគ្រួសារ ដែលជាហេតុធ្វើឲ្យពួកគាត់រងនូវការឈឺចាប់ឥតឧបមា ហើយបែរជាគ្មានដំណឹងល្អនៃពន្លឺយុត្តិធម៌ មានតែដំណឹងថា គេជិតដោះលែងជនបង្កហើយ ព្រោះពួកគេមានសែស្រឡាយធំ ហើយមានលុយរត់ការ ទៀត។ ដំណឹងទាំងនេះ ទើបធ្វើឲ្យពួកគាត់កើតទុក្ខមិនសុខចិត្ត មិនអាចរងចាំការអូសបន្លាយពេល វេលាបែបនេះបានតទៅទៀត ចង់ឲ្យមានការដោះស្រាយឆាប់ៗទៅតាមផ្លូវច្បាប់ឲ្យយុត្តិធម៌ មុនពេល ឃើញជនបង្ក ត្រូវបានដោះលែង។ ហើយពួកគាត់បានទទួលដំណឹងពីខាងអ្នកនៅតុលាការថា ភាគីខាងឡានបង្កបានព្យាយាមនិយាយបញ្ចុះបញ្ចូលតុលាការ ធ្វើយ៉ាងណាឲ្យសងប្រាក់លើគ្រួសាររបស់គាត់តិច។ មកដល់ពេលនេះ បើសិនជាក្រុមខាងជនបង្ក ខិតខំប្រមូលប្រាក់ដែលយកទៅរត់ការនោះ មកសងលើគ្រួសាររបស់គាត់ វាអាចដោះស្រាយរឿងបញ្ចប់បានយូទៅហើយ តែនេះបែរជារកតវិធីចេញពីការឃុំខ្លួន ដោយមិនបានគិតរឿងសំណងលើគ្រួសារពួកគាត់នោះឡើយ។
ហេតុដូចនេះ ដោយភាពលំបាកនៃការដោះស្រាយ ពួកគាត់ជាភាគីរងគ្រោះបានសំណូមពរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ ក្នុងសំណុំរឿងខាងលើនេះ ដើម្បីឲ្យមានភាពយុត្តិធម៌ត្រឹមត្រូវតាមច្បាប់ និងឲ្យបានឆាប់ជាងនេះ ដោយសេចក្ដីអនុគ្រោះផង។ និងសុំឲ្យតុលាការពន្លឿននីតិវិធីក្នុងការដោះស្រាយ និងកុំទាន់ដោះលែងជនបង្ក មុនពេលការជំនុំជំរះ។សុំឲ្យតុ លាការកំណត់ឋានៈ ជនឈ្មោះ ស៊ីវ ធូ ជាម្ចាស់ដេប៉ូ និងឈ្មោះ ចេង សុវណ្ណ ដែលធ្វើជាម្ចាស់ ឡាន មានតួនាទីជាអ្នកទទួលខុសត្រូវរដ្ឋប្បវេណរួមគ្នា ក្នុងសំណុំរឿងនេះ ស្របតាមច្បាប់ចែងអំពី ការទទួលខុសត្រូវរបស់កម្មសិទ្ធិករ និងអ្នកគ្រប់គ្រងយានយន្ត៕ ដោយ៖ ការីនិពន្ធ