បុគ្គលិកគ្មានគុណវុឌ្ឍ គ្មានជំនាញវិជ្ជាជីវៈហ៊ានកែដើមទ្រូងស្ត្រីម្នាក់បណ្ដាលឱ្យស្លាប់ ក្រសួងសុខាភិបាលសម្រេចបិទចោល
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេច បិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ដែលស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញហើយ បន្ទាប់ពីមានករណីស្ត្រីម្នាក់ស្លាប់ភ្លាមៗក្រោយវះកាត់កែសម្ផស្សនៅមជ្ឈមណ្ឌលនេះ។
ក្នុងសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការបិទមជ្ឈមណ្ឌលកែសម្ផស្សឯកជនឈ្មោះ អឹម២៥ ប៊ីយូធី ដែលមានទីតាំងនៅផ្ទះលេខ៧៣B ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជារបស់លោកវេជ្ជបណ្ឌិត គោគ ចន្ទី ជាអ្នកទទួលខុសត្រូវ ដោយសារតែបុគ្គលិកគ្មានគុណវុឌ្ឍ និងគ្មានជំនាញវិជ្ជាជីវៈសុខាភិបាល បណ្ដាលឱ្យមនុស្សស្លាប់។
ក្រសួងសុខាភិបាលនឹងបន្តនីតិវិធីច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជាមួយនឹងអ្នកទទួល ខុសត្រូវ ក៏ដូចជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី។ នេះបើតាមសេចក្តីសម្រេច។
គួររំលឹកថា នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ មានករណីស្ត្រីម្នាក់វ័យ៤០ឆ្នាំ បានស្លាប់ក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីវះកាត់កែដើមទ្រូង។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 ផ្ទះលេខ73B តាមបណ្តោយផ្លូវលេខ70 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ស្ដ្រីវ័យជាង៤០ឆ្នាំម្នាក់នេះ បានមកទទួលសេវាកែដើមទ្រូង នៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិ ប៉ុន្តែសង្ស័យថា គ្រូពេទ្យដែលជាអ្នកកែសម្ផស្សគ្មានបច្ចេកទេសត្រឹមត្រូវ ទើបបណ្តាលឲ្យគ្រោះថ្នាក់ដល់បាត់បង់ជីវិតបែបនេះ។
ក្រោយកេីតហេតុសមត្ថកិច្ច រួមទាំងអាជ្ញាធរ បានមកដល់ទីតាំងកែសម្ផស្សខាងដេីម្បីធ្វេីការពិនិត្យសាកសព ស្រ្តីរងគ្រោះ និងប្រគល់សពឲ្យគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី៕