បរទេសខ្លះធ្វើជាស្រឡាញ់ខ្មែរ លើសខ្មែរទៅទៀត!
ភ្នំពេញ៖ «បរទេសខ្លះធ្វើជាស្រឡាញ់ខ្មែរ លើសខ្មែរទៅទៀត។ ពេលមានសង្គ្រាមគេរត់ទៅបាត់ ពេលអត់សង្គ្រាមក៏បែរមកធ្វើឈឺឆ្អាលលើសកម្ពុជាទៅទៀត»។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យនៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើមិត្តបរទេសកុំសាងកំហុសជាថ្មីនៅកម្ពុជា។ សម្តេចបន្តថា ជារឿងអស់សំណើចណាស់ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ បែរជាគាំទ្ររដ្ឋប្រហារខុសច្បាប់របស់ លន់ នល់។
សម្តេចតេជោបន្តទៀតថា ប្រទេសដែលគាំទ្ររដ្ឋប្រហារ លន់ នល់ គឺសុទ្ធតែជាប្រទេសសាងកំហុសដ៏ធ្ងន់ធ្ងរចំពោះកម្ពុជា។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជម្នះនឹងវាលអត់ឃ្លាន ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បច្ចុប្បន្នកម្ពុជា បានឆ្លងផុតវាលអត់ឃ្លាននេះហើយ។
ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន រំពឹងថា មិត្តបរទេសនឹងមិនគាំទ្រចលនាបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញកម្ពុជានោះទេ៕