រដ្ឋមន្ត្រីក្រសួងអប់រំប្រាប់ឲ្យឪពុកម្តាយសិស្សត្រូវហាមឃាត់កូនពីការលេងហ្គេម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន អំពាវនាវឱ្យអាណាព្យាបាល សិស្សហាមឃាត់កូនកុំឱ្យកូនប្រើប្រាស់ទូរស័ព្ទដើម្បីលេងហ្គេម ហើយនាំកូនអានសៀវភៅឬតម្រូវឱ្យអានសៀវភៅតាមរយៈការលើកទឹកចិត្តដល់ការអានតាមវិធីផ្សេងៗ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន លើកឡើងបែបនេះ នៅក្នុងសន្និសីទ អ្នកសារព័ត៌មាន នាថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៣ ស្ដីពីទិវាជាតិអំណានលើកទី៨ ១១ មីនា ២០២៣ ក្រោមប្រធានបទ «អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ»

ឯកឧត្តមបណ្ឌិតសភាចារ្យឱ្យដឹងថាឳពុកម្តាយត្រូវហាមឃាត់កូនពីការលេងហ្គេម និងត្រូវត្រួតពិនិត្យ ជំរុញ នាំកូនអានសៀវភៅ ដោយលើកទឹកចិត្តតាមរយៈការឱ្យរង្វាន់ដល់កូនប្រសិនបើកូនអាចអានសៀវភៅ និងសង្ខេបខ្លឹមសារនៃសៀវភៅដែរបានអាន។
លោកបានបន្ថែមទៀតថា នៅក្នុងសាលារៀនគឺត្រូវបានហាមឃាត់ប្រើប្រាស់ទូរស័ព្ទដើម្បីលេងហ្គេម ប៉ុន្តែនៅតាមផ្ទះគឺលោកស្នើឱ្យឪពុកម្តាយប្រៀនប្រដៅ និង ហាមឃាត់បន្ថែម ខណៈការលេងហ្គេមនេះអាចធ្វើឱ្យក្មេងញៀននឹងការលេង រំខានការរៀនសូត្រ និង ប៉ះពាល់ដល់លទ្ធផលនៃការសិក្សា។

ឯកឧត្តមរដ្ឋមន្រ្តីរូបនេះក៏បានអំពាវនាវឱ្យអាណាព្យាបាលបង្កើតបណ្ណាល័យខ្លួនឯងនៅតាមផ្ទះ ដើម្បីលើកកម្ពស់ការអាន ក៏ដូចជាបណ្តុះគំនិត និងទម្លាប់នៃអានសៀវភៅ៕

អត្ថបទដែលជាប់ទាក់ទង