«ភាពរឹងមាំនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ អាស្រ័យលើការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ…»

ភ្នំពេញ៖ «ភាពរឹងមាំនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ អាស្រ័យលើការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ ហើយការអភិវឌ្ឍធនធានមនុស្ស គឺអាស្រ័យសុខភាពល្អរបស់ប្រជាជន ដែលជំរុញដោយការផ្តល់សេវាសុខភាពល្អ, ពេញលេញ, គ្រប់គ្រាន់ និង ប្រកបដោយប្រសិទ្ធភាព»។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅ ការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបន្តលើកថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីពង្រឹង ពង្រីក និង កែលម្អសេវាសុខភាពសាធារណៈ។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបានបង្កើនថវិការដ្ឋ សម្រាប់វិស័យសង្គមកិច្ច ជាពិសេស វិស័យសុខាភិបាលសំដៅ ជំរុញជាប្រចាំនូវការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព និង ការព្យាបាលសុខភាព ឱ្យកាន់តែល្អប្រសើរឡើង។

សម្តេចតេជោបន្តទៀតថា រាជរដ្ឋាភិបាលទទួលស្គាល់ថា កំណើននៃលទ្ធភាព និង ឱកាសទទួលបាននូវសេវាសុខភាពប្រកបដោយសមធម៌ គឺជាកត្តាដ៏មានសារៈសំខាន់មួយ ក្នុងការលើកស្ទួយកម្រិតជីវភាពប្រជាជននៅទូទាំងប្រទេស ឱ្យឆ្លងផុតពីគំនាបនៃភាពក្រីក្រ និងមានសុខុមាលភាព ក្នុងសង្គម ស្របតាមគោលដៅ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានោះ សម្តេចក៏បានណែនាំឱ្យក្រសួងសុខាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងប្រព័ន្ធសន្តិសុខសុខភាព ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទាន់ពេលវេលា និង មានប្រសិទ្ធភាព ក្នុងការអង្កេតតាមដាន, ការស្រាវជ្រាវស្វែងរកករណី និង ការវាយតម្លៃស្ថានការណ៍ ព្រមទាំងលើកកម្ពស់សមត្ថភាព ក្នុងការបង្ការទប់ស្កាត់, កាត់បន្ថយហានិភ័យ និងការស្តារឡើងវិញ ក្រោយវិបត្តិនៃការរាតត្បាតនៃជំងឺឆ្លង ឬគ្រោះអាសន្នសុខភាពសាធារណៈ។

សម្តេចតេជោបន្ថែមទៀតថា ការកែលម្អគុណភាពសេវាសុខាភិបាលត្រូវធ្វើឡើងជាប្រចាំ សំដៅលើកកម្ពស់គុណភាពសេវា ថែទាំសុខភាព និងសេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ ឬ អតិថិជន និង ដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្នុងនោះ ចាំបាច់ត្រូវពង្រឹង ប្រសិទ្ធភាពនៃយន្តការតាមដាន និង វាយតម្លៃគុណភាពសេវា ដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន។

សម្តេច ហ៊ុន សែន បានជម្រុញឲ្យក្រសួងសុខាភិបាលត្រូវពិនិត្យនិងរៀបចំការអភិវឌ្ឍ និង ការអនុវត្តយន្តការអភិបាលកិច្ចផ្នែកគ្លីនិកឱ្យបានសមស្រប ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាថា សេវាថែទាំសុខភាពដែលបានផ្តល់ មានអនុលោមភាព ស្របតាមបទដ្ឋានស្តង់ដារដែលបានកំណត់។សម្តេចក៏បានណែនាំក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរមានូវយន្តការផ្តល់សេវាសុខាភិបាល ក៏ដូចជា ពង្រឹងការបណ្តុះបណ្តាលលើផ្នែកសុខាភិបាល ទាំងជំនាញរឹង និងជំនាញទន់ តាមរយៈការធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាជាប្រចាំ ដើម្បីលើកកម្ពស់ក្រមសីលធម៌អាជីព ក្នុងវិស័យដ៏មានសារៈសំខាន់នេះ។

ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យក្រសួងសុខាភិបាលត្រូវបញ្ចូលជំនាញទន់នៅក្នុងកម្មវិធីសិក្សា ជាពិសេស ក្រមសីលធម៌អាជីព នៅក្នុងវិស័យសុខាភិបាល គឺមានលក្ខណៈចាំបាច់ និងបន្ទាន់៕

 

អត្ថបទដែលជាប់ទាក់ទង