នាយករដ្ឋមន្ត្រីកម្ពុជា៖ «ការតាំងវាជាការល្អដើម្បីផ្សព្វផ្សាយនូវវប្បធម៌ខ្មែរ ក៏ប៉ុន្ដែប្រសិនជាការតាំងណាមួយខុសនូវទម្រង់វាស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរទៅវិញ…»
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការតាំងបង្ហាញសិល្បៈវប្បធម៌ខ្មែរជារឿងល្អ តែវាជាគ្រោះថ្នាក់ប្រសិនជាការតាំងបង្ហាញនោះមិនគោរពនូវទម្រង់ដើមនៃសិល្បៈ ដែលសកម្មនោះស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរទៅវិញ ។ សម្តេចតេជោហ៊ុន សែន ថ្លែងបែបនេះតាមរយៈសារសំឡេងពិសេសដែលផ្ញើរជូនជនរួមជាតិ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ ដោយ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោកស្រី ទ្រី ដាណា ឱ្យគោរពនូវការសម្រេចរបស់ក្រសួងវប្បធម៌ និងសហការជាមួយក្រសួងជំនាញ ដើម្បីដំណើរការការបង្ហាញនូវការស្លៀកពាក់បែបប្រពៃណីខ្មែរឱ្យត្រូវតាមទម្រង់ដើម។
សម្ដេចតេជោថ្លែងថា៖ «ការតាំងវាជាការល្អដើម្បីផ្សព្វផ្សាយនូវវប្បធម៌ខ្មែរ ក៏ប៉ុន្ដែប្រសិនជាការតាំងណាមួយខុសនូវទម្រង់វាស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរទៅវិញ។ ដូច្នេះមិនតាំងវាល្អជាងតាំង! សូមឱ្យលោកស្រី ទ្រី ដាណា សហការឱ្យបានហ្មត់ចត់ជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហើយបើសិនជាមានតម្រូវការសុំស្នើឱ្យក្រសួងវប្បធម៌បញ្ជូនអ្នកបច្ចេកទេសឱ្យពិនិត្យមើលក្នុងទីតាំងនោះតែងម្ដង»។
គួរជម្រាបថា ក្រោយផ្ទុះការជជែកវែកញែកគ្នានៅក្នុងបណ្តាញសង្គមក្រោពី លោកស្រី ទ្រី ដាណា បានបង្ហោះសារចោទទៅក្រសួងវប្បធម៌ថា បានបង្កការលំបាកដល់លោកស្រីក្នុងការរៀបចំការបង្ហាញនូវសំលៀកបំពាក់ប្រពៃណីខ្មែរនៅតំបន់អង្គរ និងថាលោកស្រីឈប់ចង់បន្តការងារទៀតហើយផងដែរ ខណៈក្រសួងវប្បធម៌បានលើកឡើងថា ខ្លួនមិនបង្ករការលំបាកនោះទេគ្រាន់តែឱ្យលោកស្រី ទ្រី ដាណា រៀបចំអ្វីដែលចង់បង្ហាញនេះឱ្យបានត្រឹមត្រូវតាមទម្រង់ដើមប៉ុណ្ណោះ៕