កំពង់ផែពហុបំណងនិងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំងនឹងក្លាយជាច្រកដឹកជញ្ជូនទំនិញតាមផ្លូវទឹកចំកណ្តាលប្រទេសកម្ពុជា
ភ្នំពេញ៖ «កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំងតម្លៃចន្លោះ៣០០ ទៅ៥០០លានដុល្លារ នឹងក្លាយជាច្រកដឹកជញ្ជូនទំនិញតាម ផ្លូវទឹកចំកណ្តាលប្រទេសកម្ពុជា បន្ទាប់សាងសង់រួចនៅពេលដ៏ខ្លីខាងមុខនេះ ដែលមិនត្រឹមតែជួយ លើកស្ទួយសេដ្ឋកិច្ចជាតិ ប៉ុន្តែក៏ផ្តល់ការងារប្រមាណ១០០០កន្លែងទៅ១៥០០កន្លែង ដល់ប្រជាពលរដ្ឋ និងលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងតំបន់ និងតំបន់ផ្សេងទៀត»។
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសដឹកនាំប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មដែលស្រុកក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង កំពង់ឆ្នាំង នៅថ្ងៃទី៩ ខែមីនានេះ។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការរៀបចំឱ្យមានជាកំពង់ផែ និងមណ្ឌលភ័ស្តុភារកម្មនេះ គឺក្នុងគោលបំណងជំរុញការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកក្នុងប្រទេស ព្រមទាំងដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្ត ពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅក្រៅប្រទេស។
ឯកឧត្តមបន្តថា ម្យ៉ាងវិញទៀតការសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលភ័ស្តុភារកម្មនេះ ក៏បានផ្ដល់ការងារដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំងបានមួយចំនួន។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មនេះ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន KLP.T TRANSPORTATION របស់អ្នកឧកញ៉ា ទ្រី ភាព ក្នុងគម្រោងទុនចន្លោះ៣០០ ទៅ៥០០លានដុល្លារ ដើម្បីជំរុញការនាំចេញកសិផលតាមផ្លូវទឹក បង្កើនការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មនេះ ភ្ជាប់នឹងគម្រោងផ្លូវ50C ដែលរដ្ឋគ្រោងធ្វើឆ្លងកាត់ទន្លេសាបពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ។
គួរបញ្ជាក់ទៀតថា ផែនេះបាននិងកំពុងសាងសង់លើផ្ទៃដីជាង១០០ហិកតា រួមមាន៖ *ទី១-កំពង់ផែដឹកជញ្ជូនទំនិញ ដែលនឹងប្រមូលផលកសិកម្ម កសិឧស្សាហកម្មចំរុះ ពីតំបន់ផ្សេងៗ ដើម្បីធ្វើការចែកចាយបន្តទៅកាន់ទីផ្សារជាតិ, *ទី២-បង្កើតមណ្ឌលសន្និធិប្រេង ដោយ មានការសាងសង់ជាពោងស្តុកប្រេងសម្រាប់ធ្វើការចែកចាយប្រេងទូទាំងប្រទេស, *ទី៣-បង្កើតរមនីយដ្ឋានទេសចរណ៍ ជាតំបន់ទេសចរណ៍ធម្មជាតិ លំនៅដ្ឋានបែបទំនើប និង ជាកន្លែងលំហែរកាយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ, និង*ទី៤-ជាតំបន់សេដ្ឋកិច្ចពិសេស រួមមាន៖តំបន់ឧស្សាហកម្ម មានរោងចក្រសហគ្រាសតូច-ធំ ការទីផ្សារដោះដូរទំនិញ ផលិតផលកសិកម្មចំរុះ ឃ្លាំងសម្រាប់ជួលដើម្បីស្តុកទំនិញក្នុងការនាំចេញ-ចូល និងជាកន្លែងចែកចាយទំនិញជាលក្ខណៈជាតិ និងអន្តរជាតិ៕