Breaking News: ស្នងការខេត្តព្រៃវែងថ្មីសន្យា ប្តេជ្ញាចិត្តការពារជាដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈរាស្ត្រ

ព្រៃវែង៖ «សន្យានិងប្តេជ្ញាចិត្តការពារជាដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈរាស្ត្រ និងប្តេជ្ញា គោរពយ៉ាងខ្ជាប់ខ្ជួនតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល»។ នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក្នុងឱកាសឡើងកាន់តំណែងជាស្នងការនគរបាលខេត្តព្រៃវងថ្មីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងឯកឧត្ដម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបន្តថា លោកនឹងប្ដេជ្ញាតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ដោយខិតខំយកអស់កម្លាំងកាយចិត្ត គំនិត ប្រាជ្ញា និងបទពិសោធន៍នានា មកបម្រើប្រជាពលរដ្ឋ និងមិនធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់ផល ប្រយោជន៍របស់ពួកគាត់ឡើយ។ លោកបន្តទៀតថា លោកប្ដេជ្ញាគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ ដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់បទបញ្ញត្តិ បទបញ្ជា និងគោល ការណ៍ចង្អុលដឹកនាំ របស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់។

ជាមួយគ្នានោះលោកស្នងការថ្មីនឹងខិតខំជំរុញការលើកកម្ពស់គុណភាព សមត្ថភាពមន្ត្រី ឲ្យអនុវត្តការងារប្រកបដោយគុណធម៌ សីលធម៌ មានវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ ដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាពរបស់កងកម្លាំង នគរបាលជាតិ បង្កើនការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើកងកម្លាំងនគរបាលជាតិ ក៏ដូចជានយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។ដោយលោកនឹងខិតខំបង្កើនចំណងសាមគ្គីភាពទាំងផ្ទៃក្នុងស្នងការដ្ឋាន ក៏ដូចជាមន្ទីរ អង្គភាពជុំវិញខេត្ត ពិសេសខិតខំ ជំរុញចលនាអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ក្នុងមូលដ្ឋានខេត្តព្រៃវែង ឲ្យនៅកម្រិតអប្បបរមា ជាពិសេសលោកនឹងខិតខំអប់រំ ណែនាំដល់មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កែប្រែ ឥរិយាបទដែលធ្លាប់មានការខុសឆ្គងឲ្យក្លាយជានគរបាលដែលមានសីលធម៌ សុជីវធម៌ វិជ្ជាជីវៈ ទទួលបានការស្រលាញ់ ការជឿជាក់ពីប្រជាពលរដ្ឋទូទៅ ជាពិសេសបង្កើតឲ្យបាននូវបរិយាកាស ល្អប្រសើរសម្រាប់ព្រឹត្តិការណ៍នយោបាយជាតិ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខនេះ។

លើសពីនោះទៀត លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នឹងខិតខំកៀរគរ ចលនាពីគ្រប់មជ្ឈដ្ឋាន ដើម្បីកសាងអង្គភាពឲ្យកាន់តែរីកចម្រើនឡើងថែមទៀត ស័ក្តិសមជាបង្អែកដ៏រឹងមាំសម្រាប់ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន និងសេនាធិការដ្ឋាន ដែលតែងតែអប់រំណែនាំ បណ្ដុះបណ្ដាល តម្រង់ទិស ចែករំលែកបទពិសោធល្អៗ និងគាំទ្រដល់រូបលោកនាពេលកន្លងមក៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង