លោកស្នងការផ្កាយ២ សិទ្ធិ ឡោះ បញ្ជាឲ្យនគរបាលទូទាំងខេត្តបន្ទាយមានជ័យត្រូវគោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជា កាត់សក់ឲ្យខ្លី និងត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវរាល់ពេលបំពេញការងារ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាឲ្យនគរបាលទូទាំងខេត្តត្រូវគោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជា កាត់សក់ឲ្យខ្លី ស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវរាល់ពេលបំពេញការងារ និងត្រូវរួមគ្នាទប់ស្កាត់ បង្ការ បង្ក្រាប គ្រប់បទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ។

ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីផែនការការងាររបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់កម្លាំងនគរបាលក្រោមឱវាទ។

លោកឧត្ដមសេនីយ៍ទោបានជម្រុញឲ្យបន្តពង្រឹងការចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍និងរួមគ្នាទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ដែលមានភាពញុះញ៉ុងបង្កភាពចលាចល អសន្តិសុខសង្គម។

ជាមួយនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញឲ្យបន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនគ្រប់ទំរង់, បង្ក្រាបរាល់បទល្មើសក្មេងទំនើង និងបន្តកៀងគបង្កើតកម្លាំងប្រជាការពារតាមមូលដ្ឋាន ដើម្បីការងារសន្តិសុខ សុវត្ថិភាពសង្គម។

ទន្ទឹមនោះ លោកស្នងការជម្រុញឲ្យខិតខំពង្រឹងការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាព ការស្នាក់នៅរបស់ជនបរទេស, គ្រប់គ្រងរឹតបន្តឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ចុះបញ្ជី និងកោសលវិច្ច័យក្បាលគ្រាប់។ ជាពិសេសត្រូវខិតខំលុបបំបាត់រាល់ភាពអសកម្មរបស់កម្លាំង អប់រំមន្ត្រីឲ្យបំពេញ តួនាទី ភារៈកិច្ច ជូនពលរដ្ឋ ប្រកបដោយភាពទន់ភ្លន់ឲ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង