នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ ចូលរួមព្រះរាជពិធីបុណ្យអុំទូក យ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង

អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មាធិការសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ឱ្យដឹងនាថ្ងៃទី២៧ វិច្ឆិកានេះថា ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ បានមកចូលរួមព្រះរាជពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង និងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។

លោកបានគូសបញ្ជាក់បន្តថា យើងទទួលបានភ្ញៀវទេសចរចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ដោយសារតែមានសុខសន្ដិភាពពេញលេញ និងសុវត្ថិភាព ដែលធានាដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំត្រឹមត្រូវ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនេះ លោកអភិបាលរងបានលើកឡើងថា ជាក់ស្តែង ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះអាចរៀបចំធ្វើបានដោយសារតែរាជរដ្ឋាភិបាលអាណត្តិទី៧ ធានាការពារបាននូវសុខសន្តិភាពដែលរកបានដោយកម្រ និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុត របស់សម្តេចតេជោ ហ៊ុន សែន។ បើក្រឡេកថយក្រោយទៅមើលអតីតកាលរបស់កម្ពុជា ចាប់តាំងពីរដ្ឋប្រហារ ១៨ មីនា ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដនៅថ្ងៃទី១៧ មេសា ១៩៧៥។ ទម្រាំអាចសង្គ្រោះចេញពីជ្រោះមរណៈបានមកវិញនាថ្ងៃ៧ មករា ១៩៧៩ ខ្មែរត្រូវហែលឆ្លងឆ្អឹងភ្នំ ស្ទឹងឈាម សមុទ្រទឹកភ្នែកអស់ជិត៤ឆ្នាំ ដោយក្នុងកំឡុងពេលនោះ ជីវិតខ្មែរប្រមាណ៣លាននាក់បានបាត់បង់។

ក្រោយថ្ងៃរំដោះ៧មករា ដំណើរការស្តារប្រទេសឡើងវិញ និងការស្វែងរកសន្តិភាពត្រូវបានធ្វើជាបន្តបន្ទាប់រហូតទីបំផុតសន្តិភាពត្រូវបានរកឃើញពិតប្រាកដ ដោយស្នាដៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះ មេដឹកនាំថ្មីរូបណាក៏ដោយត្រូវរក្សាការពារបាននូវសុខសន្តិភាព ត្រូវចាត់ទុកជាសមិទ្ធផលធំទី១ដ៏សំខាន់ជាងគេបង្អស់ មុននឹងនិយាយពីស្នាដៃផ្សេងទៀត ពីព្រោះសន្តិភាពពិតជាមានតម្លៃខ្លាំងណាស់សម្រាប់កម្ពុជា។ ប្រសិនបើមិនមានសន្ដិភាពវិញ ដោយប្រការណាមួយ យើងមិនដឹងជាត្រូវចំណាយពេលប៉ុន្មានទសវត្សរ៍ និងចំណាយជីវិតមនុស្សប៉ុន្មានលាននាក់ទៀតទេ ទើបរកបានសន្តិភាពមកវិញ ហើយជួនកាលទោះជាចំណាយធំយ៉ាងណាក៏មិនប្រាកដថា អាចរកសន្តិភាពបានមកវិញនោះដែរ។ នេះជាហេតុផលដែលត្រូវចាត់ទុកការធានាការពារបាននូវសន្តិភាពគឺជាសមិទ្ធផលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដោយសារសន្តិភាព ទើបយើងអាចប្រារព្ធពិធីបុណ្យអុំទូកសប្បាយ រីករាយបែបនេះបាន៕

អត្ថបទដែលជាប់ទាក់ទង