សមត្ថកិច្ចខេត្តកំពង់ចាម់ចុះចាប់ឃាត់ខ្លួនក្រុមញៀនល្បែងបាន១១នាក់ ខណៈទូរស័ព្ទលោកស្នងការមិនអាចទាក់ទងបាន!
កំពង់ចាម៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាមបានបេីកប្រតិបត្តិការក្ដៅចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់គឺល្បែងជល់មាន់ នៅចំណុចក្រោមដេីមស្វាយ ស្ថិតនៅភូមិកំពង់ស្ដីកណ្ដាល ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាមឈានដល់ការចាប់ឃាត់ខ្លួនបានក្រុមអ្នកញៀនល្បែងចំនួន១១នាក់និងវត្ថុតាងមួយចំនួន។ បើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចក្រោមដេីមស្វាយ ស្ថិតនៅភូមិកំពង់ស្ដីកណ្ដាល ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ប្រភពខាងលើបញ្ជាក់ថា ជាលទ្ធផលសមត្ថកិច្ចជំនាញបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១១នាក់ និងដកហូតវត្ថុតាងមួយចំនួន។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
ទាក់ទិនករណីការចាប់ឃាត់ខ្លួនមនុស្សនិងវត្ថុតាងខាងលើ ភ្នាក់ងារសារព័ត៌មាន The Mirror News មមិនអាចសុំការបំភ្លឺពីលោកផ្កាយ១ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបាននោះទេ ខណៈទូរស័ព្ទហៅចូលតែគ្មានមនុស្សលើក។ តើប្រជាជនក្នុងមូលដ្ឋានខេត្តកំពង់ចាមសង្ឃឹមលើអ្វី បើទូរស័ព្ទមេប៉ូលិសខេត្តទាំងមូល អ្នកកាសែតខលមិនលើកផង ចុះទម្រាំរាស្ត្រសាមញ្ញៗវិញ?៕ ដោយ៖ ការីនិពន្ធ