មន្ត្រីយោធាជើងខ្លាំង អាងអំណាចម្នាក់ដែលបានស្រែកជេរ គំរាមបាញសមត្ថកិច្ច និងបានវាយក្បាលសន្តិសុខមួយពិលបែកឈាម ពេលនេះត្រូវបានក្រុមប៉ូលិសខណ្ឌពោធិ៍សែនជ័យបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ

មន្ត្រីយោធាជើងខ្លាំង អាងអំណាចម្នាក់ដែលបានស្រែកជេរ និងគំរាមបាញ់សមត្ថកិច្ច និងបានវាយក្បាលសន្តិសុខម្នាក់មួយពិលបណ្តាលឲ្យបែកឈាម ហើយទាមទារឲ្យជនរងគ្រោះសងថ្លៃពិល ពេលនេះត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា ករណីនេះបណ្តាលឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម ដែលមន្ត្រីយោធាអាងអំណាច អាងបុណ្យស័ក្តិរូបនេះ បានទៅផឹកស្រាស្រវឹងបង្កអំពើហិង្សាទៅលើជនរងគ្រោះ ព្រមទាំងជេរប្រមាថ គំរាមបាញ់ទៅលើសមត្ថកិច្ចមូលដ្ឋានដែលចុះទៅជួយអន្តរាគមន៍ទៀតផង។

ទាក់ទិនករណីនេះ មហាជនបានសំណូមពរយ៉ាងទទូចឱ្យថ្នាក់ដឹកនាំ ក៏ដូចជាស្ថាប័នតុលាការមេត្តាជួយចាត់វិធានការយ៉ាងតឹងរឹងបំផុត ខណៈដែលជនបង្ក សាច់ញាតិជនបង្កកំពុងស្វែងរកការអន្តរាគមន៍ ចង់ឱ្យដោះលែងជនបង្កឱ្យនៅក្រៅឃុំ។

សូមជម្រាបថា មន្រ្តីយោធាដែលបបង្កអំពើហិង្សាលើសន្តិសុខ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន ក្រោយជនបង្ករូបនេះបានប្រើហិង្សាដោយ វាយសន្តិសុខមួយពិលបណ្តាលឱ្យបែកលើផ្ទៃមុខរងរបួសធ្ងន់ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រាចូលថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការចាប់ខ្លួនមន្រ្តីយោធារូបនេះ បានធ្វើឡើងក្រោយវាយសន្តិសុខការពារនៅច្រកទ្វារចូលបុរីពិភពថ្មី បណ្តាលឲ្យបែកមុខ រួចជេរប្រមាថ និងគំរាមបាញ់នគរបាលមូលដ្ឋាន ដែលបានចុះទៅជួយអន្តរាគមន៍ទៀតផង។ មិនតែប៉ុណ្ណោះ ជននេះបានវាយជនរងគ្រោះមួយពិលហើយ ថែមទាំងឲ្យជនរងគ្រោះសងថ្លៃពិលទៀតផង ទាំងអការៈស្រវឹងត្រេតទ្រោត និងទូរស័ព្ទហៅខាងនគរបាលព្រហ្មទណ្ឌមកជួយទៀត។

បើតាមប្រភពព័ត៌មានដែលទទួលបានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា ជនសង្ស័យរូបនេះមានឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែកជនរងគ្រោះឈ្មោះ អ៊ុម កួក អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមការបំភ្លឺរបស់ឈ្មោះ នឿន វាសនា អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ១និង០០នាទី ខ្លួនកំពុង តែយាមនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹងជាប់ធានាគារ ABA ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA TUNDRA ពណ៌ស ផ្លាកលេខភ្នំពេញ 2BF-1127 បើកបរដោយជននេះ មកដល់ចំណុចច្រកចូលបុរីដែលស្ថិត នៅទីតាំងខាងលើហើយបានបុករបងបុរី រួចចូលទៅខាងក្នុងបាត់។

បន្ទាប់ពីកើតហេតុឈ្មោះ នឿន វាសនា បានបោះដៃតាមអាយកូមទៅប្រធានសន្តិសុខដែលជាជនរងគ្រោះឈ្មោះ អីម កួក កំពុងតែជិះម៉ូតូល្បាតនៅក្នុងបុរីបានរយៈពេលជាង៥នាទី ជនរងគ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុហើយជនសង្ស័យខាងលើក៏បានបើករថយន្តត្រឡប់មកដល់កន្លែងកើតហេតុវិញដែរ។

ពេលបើករថយន្តមកដល់កន្លែងកើតហេតុ ជននេះបានស្រែកគំរាមបាញ់ជនរងគ្រោះបំបែកក្បាល រួចចុះពីលើរថយន្តកាន់ពិលដែកពណ៌ខ្មៅដេញវាយជនរងគ្រោះ ហើយជនរងគ្រោះរត់ ពេលនោះជនសង្ស័យបានគប់ពិល ទៅចំលើផ្ទៃមុខនៃចុងចិញ្ចើមខាងឆ្វេងបណ្តាលឲ្យរបួសបែកចេញឈាម។

ក្រោយពីកើតហេតុ ជនរងគ្រោះបាននាំគ្នាឃាត់ជនសង្ស័យរួមទាំងវត្ថុតាងយកមក ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ សួរនាំ ប៉ុន្តែជនសង្ស័យមិនព្រមប្រាប់ និងឆ្លើយនោះទេ។

តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅពេលកម្លាំងនគរបាលចុះទៅជួយអន្តរាគមន៍នោះ ជនខាងលើនេះបានស្រែកជេរ និងគំរាមបាញ់មកដល់សមត្ថកិច្ចទៀត។ ដោយអនុវត្តតាមច្បាប់ កម្លាំងនគរបាលបានចាប់បញ្ជូនមកប៉ុស្តិ៍នគរបាល និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌចាត់ការបន្ត៕

អត្ថបទដែលជាប់ទាក់ទង