សម្តេចតេជោសារភាពស្នេហ៍ថា សម្ដេចបានស្រឡាញ់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាំងពីដំបូង
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសារភាពស្នេហ៍ថា សម្ដេចបានស្រឡាញ់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាំងពីដំបូង ត្បិតតែពេលនោះសម្ដេចហាក់បីដូចជាមានអារម្មណ៍ខឹងទៅលើសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏ដោយ។
ថ្លែងនៅក្នុងពិធីសម្ពោធរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោបានលើកឡើងថា៖ «ខ្ញុំធ្លាប់បានសារភាពហើយថាពេលដែលខ្ញុំបានជួបរ៉ានីគឺខ្ញុំស្រឡាញ់គេពិត។ ហើយអ្នកទាំងអស់គ្នាអាចសួរគាត់ថាពេលដែលគាត់ជួបខ្ញុំគាត់ស្រឡាញ់ខ្ញុំឬអត់?»
សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៥ មករា ឆ្នាំ១៩៧៦ ក្នុងជំនាន់អតីតរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម រហូតមកដល់ពេលនេះគឺមានរយៈពេល ៤៥ឆ្នាំហើយ។
បើទោះបីចំណងស្នេហ៍រវាងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានអាយុកាលជិតកន្លះសត្សវត្សហើយក្ដីតែការស្រលាញ់ ការយកចិត្តទុកការ ការលេងសើច ថែរក្សាគ្នារវាងសម្ដេចទាំងពីរគឺមានជានិច្ច។
សម្ដេចតេជោតែងបង្ហាញនូវក្ដីគោរពស្រលាញ់ដល់ភរិយាជានិច្ចដោយសម្ដេចតែងប្រើពាក្យថាបែបលេងសើចថា «ខ្លាចប្រពន្ធ»។ សម្ដេចថាមានតែប្រពន្ធទេដែលដឹងនិងយល់ពីប្ដី យកចិត្តទុកដាក់ដល់ប្ដី ថែទាំគ្រួសារ ដែលប្ដីទាំងអស់គួរគោរពស្រលាញ់ប្រពន្ធរបស់ខ្លួន។
ក្ដីស្នេហារវាងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាគំរូមួយដល់ពលរដ្ឋ ពីការស្រលាញ់ ការថែរក្សាគ្នា យកចិត្តទុកដាក់ឲ្យគ្នា និងការពារគ្នា។
ជារឿយៗសម្ដេចតេជោ តែងតែបង្ហាញក្ដីស្រលាញ់របស់សម្ដេចចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនៅលើហ្វេសបុករបស់សម្ដេចផ្ទាល់ និងបានសរសេរសៀវភៅពីជីវិតស្នេហារបស់សម្ដេចដែលមានចំណងជើងថា «គូរព្រេងមិនព្រាត់» ដើម្បីជាការចងចាំនូវការតស៊ូនិងលះបង់ចំពោះស្នេហាមួយនេះផងដែរ៕