វិទ្យាស្ថានតេជោសែនប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣
ភ្នំពេញ៖ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សម្រាប់និស្សិតទាំង៣ជំនាន់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង គណៈគ្រប់គ្រងវិទ្យាស្ថាន សាស្រ្តាចារ្យ មន្ត្រីពាក់ព័ន្ធ និងនិស្សិតជាច្រើនរូប។
នាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា គោលបំណងទទួលស្វាគមន៍ដល់និស្សិតទាំង៣ជំនាន់ ជាពិសេសនិស្សិតដែលទើបតែទទួលបានជោគជ័យ ក្នុងការប្រឡងជ្រើសរើសឱ្យចូលសិក្សានៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំសិក្សា២០២២-២០២៣ ព្រមទាំងជាឱកាសសម្រាប់និស្សិត បានទទួលស្តាប់ប្រសាសន៍ល្អៗពីថ្នាក់ដឹកនាំ ក្នុងន័យសំណេះសំណាល និងលើកទឹកចិត្តដល់និស្សិតទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្របន្ថែម ដើម្បីក្លាយខ្លួនជាបញ្ញាវន្ត ដែលមានចំណេះដឹង ជំនាញច្បាស់លាស់ និងសីលធម៌វិជ្ជាជីវៈល្អ ក្នុងការចូលរួមអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន របស់ប្រទេសជាតិ។សម្រាប់ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានកំពុងបណ្តុះបណ្តាលនិស្សិតមានសរុបចំនួន ៤២២នាក់។ឯកឧត្ដមបន្តថា ការបណ្តុះបណ្តាលនៅក្នុងវិទ្យាស្ថានដោយផ្ទាល់ ពីសំណាក់សាស្រ្តាចារ្យដែលមានគរុកោសល្យច្បាស់លាស់ និងពោរពេញដោយបទពិសោធន៍ វិទ្យាស្ថានក៏បានរៀបចំឱ្យមានការចុះកម្មសិក្សា សម្រាប់និស្សិតឆ្នាំទី២ នៅចុងឆមាសទី២ នៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួន រួមមាន៖ មន្ទីរសាធារណការ និងដឹកជញ្ជូន (១៤ខេត្ត/រាជធានី) កំពង់ផែស្វយ័ត សមាគមភស្តុភារកម្ម មន្ទីរពិសោធន៍តេជោសែន និងក្រុមហ៊ុនឯកជនជាដៃគូ។
ជាមួយគ្នានោះឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈគ្រប់គ្រងវិទ្យាស្ថាន ស្វះស្វែងគ្រប់មធ្យោបាយ ក្នុងការសហការជាមួយសាកលវិទ្យាល័យដៃគូ ដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាផ្នែកឯកជនពីបរទេស ជំរុញឱ្យមានការរៀបចំបាឋកថា ឬ វគ្គបណ្តុះបណ្តាលខ្លីៗ (ដោយផ្ទាល់ ឬ តាមប្រព័ន្ធonline) ក្នុងន័យផ្ទេរពុទ្ធិ ចែករំលែកចំណេះដឹង ព្រមទាំងការរៀបចំឱ្យមានកម្មសិក្សាទៅក្រៅប្រទេស ដើម្បីលើកកម្ពស់ការកសាងធនធានយុវជន ដែលជាអ្នកបន្តវេនក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពនាពេលអនាគត។
ទន្ទឹមនោះ ឯកឧត្តមបានណែនាំដល់ប្អូនៗនិស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹងឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ហើយបន្ថែមពីលើការរៀនសូត្រ ត្រូវមានទំនាក់ទំនងល្អ ចេះជួយគ្នាក្នុងការចែករំលែកចំណេះដឹងទៅមក រវាងគ្នា និងគ្នា។ ទន្ទឹមនឹងនេះ វិទ្យាស្ថានគួររៀបចំឱ្យមានទីប្រឹក្សាផ្នែកសិក្សា ដែលសមាសភាពអាចជាថ្នាក់ដឹកនាំក្រសួង សាស្ត្រាចារ្យ ឬ សិស្សច្បង ដើម្បីជួយតម្រង់ទិស ណែនាំ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការសិក្សា។
គួរជម្រាបជូនថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើម និងការតាំងចិត្តដ៏មោះមុត ប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស អ្នកបន្តវេនរបស់កម្ពុជា ឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ មានសីលធម៌ អត្តចរិត ចរិយាសម្បត្តិត្រឹមត្រូវ ដើម្បីដោះស្រាយ បញ្ហាវិបត្តិកង្វះ អ្នកជំនាញ អ្នកបច្ចេកទេស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិជាមួយរាជរដ្ឋាភិបាល៕