«នាយករដ្ឋមន្ត្រីកម្ពុជាព្រមានបង្ហោះជាសាធារណៈនូវលិខិតរបស់រដ្ឋមន្ត្រីណាដែលខ្ជីខ្ជា បើសិនទទួលបានការណែនាំពីសម្តេចរួចហើយ នៅតែប្រព្រឹត្តកំហុសដដែលជាដដែលនោះ»
ភ្នំពេញ៖ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ប៊ិចក្រហមរបស់ខ្ញុំទៅច្រើនណាស់ តែវានៅតែដដែល ក្រែងមិនបានទៅដល់រដ្ឋមន្ត្រី ខ្ញុំសុំអង្វរក ឲ្យលោករដ្ឋមន្ត្រីទាំងឡាយ មុនចុះហត្ថលេខាមើលឲ្យច្បាស់មើល ទាំងពីអក្ខរាវិរុទ្ធ ទាំងពីស្អីៗ លិខិតត្រូវផ្ញើមកនាយករដ្ឋមន្ត្រី មិនមែនផ្ញើទៅណាទេ ទោះបីផ្ញើទៅណាក៏ដោយ ខ្លួនឋានៈរដ្ឋមន្ត្រី ត្រូវធ្វើឲ្យច្បាស់»។
សម្តេចបន្តថា «ពេលបានឡើងធ្វើរដ្ឋមន្ត្រីកុំខ្ជិល ឡើងធ្វើចៅហ្វាយខេត្តកុំខ្ជិល ធ្វើមេនេះ មេនោះកុំខ្ជិល រៀនទៅ រៀនសួរគេ ទៅកុំខ្ចាសអៀនអី ខ្ញុំសុំស្នើឲ្យពិនិត្យឡើងវិញ»។
ជាមួយគ្នានោះ សម្តេតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗថា ធ្វើជារដ្ឋមន្ត្រីកុំខ្ជិល ដោយសារតែសល់ប៉ុន្មានខែទៀតប៉ុណ្ណោះនឹងបញ្ចប់អាណត្តិទី៦។
មិនតែប៉ុណ្ណោះសម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជាបានព្រមានបង្ហោះជាសាធារណៈ នូវលិខិតរបស់រដ្ឋមន្ត្រីណាដែលខ្ជីខ្ជា បើសិនទទួលបានកែណែនាំពីសម្តេចរួចហើយ នៅតែប្រព្រឹត្តកំហុសដដែលជាដដែលនោះ។
សម្តេចតេជោបន្តថា បណ្តាថ្នាក់ដឹកនាំ តាមបណ្តាក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បើមិនចេះពីការធ្វើលិខិតស្នាម ត្រូវខិតខំរៀនសូត្របន្ថែម កុំខ្មាសអៀន ទោះខ្លួនជាប់ថ្នាក់បណ្ឌិតរួចហើយក្តី។
ទន្ទឹមគ្នានោះ សម្តេចតេជោបានណែនាំដល់បណ្តារដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័ន ត្រូវពិនិត្យឱ្យបានច្បាស់លាស់ លើលិខិតរបស់ខ្លួន ទាំងអក្ខរាវិរុទ្ធ និងការចុះថ្ងៃខែ មុននឹងចុះហត្ថលេខា បញ្ជូនចូលមកសម្តេចដើម្បីពិនិត្យ និងសម្រេច។
សម្តេចតេជោ ហ៊ុន សែន បានបន្តថាមានតែរដ្ឋមន្ត្រីក្រសួងចំនួន៤ ដែលធ្វើការងារបានល្អ ពាក់ព័ន្ធនឹងការលិខិតចូលមកសម្តេច ក្នុងនោះរួមមានក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយធ្វើលិខិតមានខ្លឹមសារខ្លី មិនវែងឆ្ងាយ ហើយមានដាក់នូវជម្រើសសម្រាប់ ការសម្រេចចិត្តថែមទៀតផង។
ក្នុងឱកាសនោះទៀត សម្តេចតេជោ ហ៊ុន សែន បានផ្តល់អាទិភាពឲ្យតែក្រសួងចំនួន៤ ប៉ុណ្ណោះ ដែលអាចដាក់លិខិតត្រង់ទៅសម្តេច គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយក្រៅពីក្រសួងទាំង៤នោះ គឺត្រូវដាក់លិខិតតាម ទីស្តីការគណៈរដ្ឋមន្ត្រី មុននឹងបញ្ជូនទៅដល់សម្តេច។
ទន្ទឹមគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីភាពខុសឆ្គង នៃការធ្វើលិខិតពាក់ព័ន្ធសំណើវិនិយោគថ្មម៉ាត នៅកំពង់ស្ពឺ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយសម្តេចលើកឡើងថា លិខិតដើមរបស់ក្រសួងរ៉ែ និងថាមពល ដាក់ចូលតាមទីស្តីការគណៈរដ្ឋមន្ត្រី ដោយគ្រាន់តែរាយកាណ៍ ពីវឌ្ឍនភាពក្រុមហ៊ុន ដែលទទួលបានសិទ្ធិវិនិយោគប៉ុណ្ណោះ តែបែរជាលិខិតទីស្តីការគណៈរដ្ឋមន្ត្រី ដាក់ចូលទៅសម្តេច ស្នើសុំមតិដឹកនាំទៅវិញ៕