Breaking News: ស្នងការនគរបាលខេត្តព្រៃវែងថ្មីបង្ក្រាបបានជើងខ្លាំងប្រើប្រាស់កាំភ្លើងខ្លីបាញ់២គ្រាប់ធ្លាយជញ្ជាំងផ្ទះប្រជាពលរដ្ឋបានហើយ ក្រោយកាន់តួនាទីមិនទាន់បានមួយសប្តាហ៍ផង!

ព្រៃវែង៖ ពិតជាមានស្នាដៃល្អ រហ័សរហួន និងសកម្មពិតប្រាកដមែន លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិប្រកាសតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែងមិនទាន់បានមួយសប្ដាហ៍ស្រួលផង ដឹកនាំកម្លាំងជំនាញបើកប្រតិបត្តិការ ប្រើកណ្ដាប់ដៃដែកបំបែកបានមួយករណីភ្លាមៗ ដោយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ បូ សារ៉ាន ដែលបានប្រើប្រាស់កាំភ្លើងខ្លីបាញ់០២គ្រាប់ធ្លាយជញ្ជាំងផ្ទះរបស់ឈ្មោះ ឃុន ណាត នៅចំណុចភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែងកាលពីវេលាម៉ោង២និង៣០នាទីយប់មថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ទៅហើយ។

បើតាមលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងបានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល០២:៣០នាទីយប់ បុគ្គលឈ្មោះ បូ សារ៉ាន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ត្រូវបានប្រជាជនប្តឹងថា បានប្រើប្រាស់កាំភ្លើងខ្លី បាញ់២គ្រាប់ ធ្លាយជញ្ជាំងផ្ទះរបស់ឈ្មោះ ឃុន ណាត នៅចំណុចភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាជនភ្លាមនៅយប់រំលងអាធ្រាត្រថ្ងៃដដែល មន្ត្រីនគរបាលមូលដ្ឋានបានចុះទៅស្រាវជ្រាវរកជនសង្ស័យខាងលើ ប៉ុន្តែមិនឃើញនិងបានស្រង់កំណត់ហេតុពីប្រជាជន បំពេញសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញរួចរាល់ដើម្បីសុំដីកាចាប់ខ្លួន។

លោកស្នងការបានបន្តថា បន្ទាប់ពីទទួលបានសំណុំរឿងតុលាការបានចេញដីកាកោះចំនួន០២លើក និងដីកាបង្គាប់ឲ្យចូលខ្លួនចំនួន០១លើក ប៉ុន្តែបុគ្គលនេះ មិនព្រមអនុវត្តតាមរហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចបានទទួលដីកាពីចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែងបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនបុគ្គលរូបនេះឲ្យខានតែបាន។

យោងតាមដីកាលេខ៧២ ចុះថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ របស់លោក ហួត ហ៊ាង ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនឈ្មោះ បូ សារ៉ាន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ដោយត្រូវបានដាក់ស្ថិតក្រោមការពិនិត្យពីបទ ប៉ុនប៉ងឃាតកម្ម, រំលោភលើលំនៅដ្ឋាន, និងកាន់កាប់ប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត។

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាក់ថា ដើម្បីអនុវត្តតាមដីកានេះ នៅថ្ងៃដដែលក្រុមនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះបេសកកម្មទៅដល់មូលដ្ឋានខាងលើភ្លាម ប៉ុន្តែឈ្មោះ បូ សារ៉ាន បានដឹងខ្លួន និងលួចរត់គេចខ្លួនចូលទៅប្រទេសវៀតណាម។ ពេលដឹងថាជនសង្ស័យបានរត់គេចខ្លួនភ្លាម កម្លាំងសមត្ថកិច្ចកម្ពុជា បានទំនាក់ទំនងទៅកាន់ខាងភាគីវៀតណាម ដោយបានផ្ញើររូបភាពរបស់ជនសង្ស័យ រួមនឹងយានជំនិះ តាមរយៈប្រព័ន្ធអនឡាញបណ្តាញសង្គមតេឡេក្រាម សំដៅឲ្យអាជ្ញាធរ វៀតណាម ងាយស្រួលកំណត់មុខសញ្ញា។

លោកស្នងការបន្ថែមទៀតថា បន្ទាប់ពីខាងភាគីវៀតណាមទទួលបានរូបភាពពីនគរបាលកម្ពុជាភ្លាមក៏បានកំណត់មុខសញ្ញា ដោយចាប់ឃាត់ខ្លួនឈ្មោះ បូ សារ៉ាន និងឆែកខ្លួនរកឃើញមានថ្នាំញៀន ហើយបច្ចុប្បន្ន ដោយមានការសហការពីនគរបាលខេត្តព្រៃវែង ជាមួយនិងប៉ូលិសខេត្ត ដុងថាច់ ប្រទេសវៀតណាម ពិសេសក្រោមការសម្របសម្រួលពីស្ថានតំណាងនៃក្រសួងនគរបាលវៀតណាមនៅក្នុងប្រទេសកម្ពុជា។ ខាងភាគីវៀតណាម បានបញ្ជូនជនសង្ស័យរូបនេះប្រគល់ឲ្យសមត្ថកិច្ចកម្ពុជារួចរាល់ ខណៈសមត្ថកិច្ចកម្ពុជា កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់។

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាក់ឲ្យដឹងទៀតថា ករណីដែលបុគ្គលរូបនេះប្រព្រឹត្តិ កំពុងត្រូវបានមហាជននៅតាមបណ្តាសង្គមហ្វេសប៊ុកមានការផ្ទុះចែករំលែកបន្តគ្នាយ៉ាងច្រើន តួយ៉ាងបើតាមគេហទំព័រសារព័ត៌មានដែលបានបង្ហោះកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា «ជើងខ្លាំងរបស់គេមែន! លោក បូ សារ៉ាន ហៅប្រុស ចូលបាញ់គេដល់ក្នុងផ្ទះ…សមត្ថកិច្ចមិនទាន់ចាប់ខ្លួនបានផង ឥឡូវចូលស្រុកដើរអួតក្អេងក្អាងថា សមត្ថកិច្ចណា ហ៊ានចាប់អញ! ។ ចាំមើលថា តើអធិការស្រុកពាមជរ ហ៊ានចាប់ខ្លួនជើងខ្លាំងម្នាក់នេះ ដែរឬទេ?»៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង