ឯកឧត្ដម ឃួង ស្រេង ដឹកនាំលោក ចេង មុនីរ៉ា ចុះពិនិត្យមើលស្ថានភាពប្រឡាយព្រែកប្រា

អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម  ឃួង ស្រេង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំលោក ចេង មុនីរ៉ា និងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពប្រឡាយព្រែកប្រា ដើម្បីឈានទៅធ្វើការស្ដារក៏ដូចជាស្ថាបនា និងចាក់ស៊ីផាយ នៅអមសងខាងប្រឡាយ ខណៈដែលនៅអមសងខាងប្រឡាយនេះ មានផ្លូវបេតុងស្អាតរួចរាល់។

បើតាមលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ប្រឡាយព្រែកប្រា គឺជាប្រឡាយរំដោះទឹកដ៏មានសារៈសំខាន់មួយ នៅក្នុងខណ្ឌច្បារអំពៅ តែប្រឡាយនេះត្រូវបានប្រជាពលរដ្ឋរំលោភ និងរស់នៅលើប្រឡាយនេះតែម្តង ដែលបានបង្កឲ្យស្ទះចរន្តផ្លូវទឹកហូរ។

ជាមួយនោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌធ្វើការដោះស្រាយ ដើម្បីសូមឲ្យប្រជាពលរដ្ឋរុះរើចេញពីលើប្រឡាយព្រែកប្រា ដោយស្ម័គ្រចិត្ត។ ឯកឧត្ដឦ បន្តថា ប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ មានចំនួន២២៩គ្រួសារ តែមកដល់ពេលនេះ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើចេញ មានចំនួនជាង២០០គ្រួសារហើយ ពោលគឺនៅសល់តែចំនួន២៤គ្រួសារប៉ុណ្ណោះ ដែលពួកគាត់មិនទាន់បានរុះរើចេញពីលើប្រឡាយ។ ប៉ុន្តែទោះបីយ៉ាងណាក្តី អាជ្ញាធរ និងជំរុញការដោះស្រាយជាមួយប្រជាពលរដ្ឋទាំង២៤គ្រួសារនេះ ឲ្យបានលឿនដើម្បីឲ្យដំណើរការនៃការស្ដារប្រឡាយ ក៏ដូចជាការបុកស៊ីផាយ ដំណើរការទៅដោយរលូន នៅមុនរដូវវស្សាមកដល់។

ប្រជាពលរដ្ឋដែលព្រមស្ម័គ្រចិត្តរុះរើ លំនៅដ្ឋានចេញពីទីតាំងប្រឡាយខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ រៀបចំទីតាំង ដោះដូរមួយកន្លែងនៅក្នុងភូមិចំពុះក្អែក១ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ដែលមានទីតាំងមិនឆ្ងាយពីទីតាំងដើមឡើយ ហើយនៅទីតាំងថ្មីនេះ ប្រជាពលរដ្ឋនឹងទទួលបានប្លង់រឹងដីកម្មសិទ្ធិស្របច្បាប់ ទំហំ៤ម៉ែត្រកន្លះ គុណ១៥ម៉ែត្រ ក្នុងមួយគ្រួសារ ជាមួយការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរផងដែរ ដែលមានទាំងការធ្វើផ្លូវបេតុងជូន បំពាក់ភ្លើងអគ្គិសនី ទឹកស្អាត និងការដាក់ប្រព័ន្ធបណ្តាញលូផងដែរ។

សូមបញ្ជាក់ថា ប្រឡាយព្រែកប្រា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីសង្កាត់ចំនួន៤ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ក្នុងនោះ មានសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ។

ឯកឧត្ដម ឃួង ស្រេង បានជំរុញឲ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពិនិត្យ និងធ្វើការសិក្សា នៅទីតាំងខាងលើនេះឲ្យបានច្បាស់លាស់ ដើម្បីឲ្យដំណើរការនៃការស្ថាបនា បុកស៊ីផាយ ការស្តារប្រឡាយនេះ ឲ្យបានលឿន មុនរដូវវស្សាមកដល់។ ជាគម្រោងសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយស្ថាបនា ចាក់ស៊ីផាយប្រឡាយនេះរួចរាល់ នឹងស្ថាបនាស្ថានីយ៍បូមទឹកនៅប្រឡាយព្រែកប្រានេះមួយកន្លែង ជាមួយនឹងការស្ថាបនាជាអាងប្រព្រឹត្តិកម្មទឹកស្អាតផងដែរ។

គួរបញ្ជាក់ថា ប្រឡាយព្រែកប្រា នេះមានទទឹងពី៣០ម៉ែត្រទៅ៥០ម៉ែត្រ ដោយកន្លែង ហើយប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរុះរើចេញពីនៅប្រឡាយមានប្រវែងជាង១គីឡូម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង