លោកស្នងការ ជួន ណារិន្ទ ស្នើសុំគោលការណ៍ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដើម្បីពិនិត្យសម្រេចបណ្តេញជនជាតិចិនម្នាក់ឈ្មោះ Chen Zhenwei ចេញពីកម្ពុជា
ដោយបានអនុញ្ញាតពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបំពេញឯកសារចំពោះជនជាតិចិនឈ្មោះ Chen Zhenwei ភេទប្រុស អាយុ៣៦ឆ្នាំ កាន់លិខិតឆ្លងដែន EH៧៧៨៧១៥៤ ដើម្បីសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេចបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមប្រភពពីអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។
ប្រភពបន្តថា បន្ទាប់ពីជនជាតិចិនរូបនេះបានប្រព្រឹត្តបទល្មើសពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យអ្នកដទៃរងរបួស និងបើកបរក្រោមឥទ្ធិពលសារធាតុញៀននៅក្នុងខណ្ឌចំការមន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។
ប្រភពព័ត៌មានបានបន្តទៀតថា ការសុំគោលការណ៍បណ្តេញចេញជនជាតិខាងលើក្រោយពីសមត្ថកិច្ចបានបញ្ជូនអនុវត្តតាមនីតិវិធីរបស់តុលាការ រួចហើយផងដែរ៕