ឯកឧត្តម សួង ហេង បើកកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រានិងផ្លូវតភ្ជាប់ នាថ្ងៃទី១៩ កុម្ភៈ ២០២៤ ខាងមុខ

ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាអនុប្រធានគណៈកម្មការ ប្រធាន អនុប្រធានអនុគណៈកម្មការ និងសមាជិក សមាជិកា ជាច្រើនរូបផ្សេងទៀត។

នៅកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រកាសនូវសមាសភាពគណៈកម្មការ អនុគណៈកម្មការ និងបែងចែកការងារដែលត្រូវទទួលបន្ទុកក្នុងការត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់។

ក្នុងនោះ ឯកឧត្តមរដ្ឋលេខាធិការ ប្រធានគណៈកម្មការ បានណែនាំឱ្យសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មាការទាំងអស់ សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានសាងសង់អាចប្រព្រឹត្តទៅបានដោយរលូន មានរបៀបរៀបរយប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនគណៈអធិបតី និងអ្នកចូលរួម ទៅតាមផែនការដែលបានគ្រោងទុក។

សូមជម្រាបជូនថា៖ ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង