តុលាការសម្រេចចោទប្រកាន់មនុស្ស៤នាក់ពាក់ព័ន្ធគ្រឿងញៀន១០គីឡូក្រាម
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញប្រកាសព័ត៌មាន ដោយបានធ្វើការចោទប្រកាន់ជនជាប់ចោទចំនួន៤នាក់ ពាក់ព័ន្ធគ្រឿងញៀន១០គីឡូក្រាម ដែលកម្លាំងសមត្ថកិច្ចបានប ង្ក្រាប និងចាប់ខ្លួនបានជាបន្ត បន្ទាប់នៅតាមខណ្ឌ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងការិយាល័យរដ្ឋបាលសរុប នៃមន្ទីរប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ចំនួន៤គោលដៅរួមមាន៖
*ទី១- ស្ថិតនៅចំណុចបណ្តោយផ្លូវលេខ៦៣ ក្បែរផ្សារសូរិយា សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។
*ទី២- នៅចំណុចវីរៈប៊ុនថាំសាខាកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀនចំនួន ៣០០កញ្ចប់ ទម្ងន់២.៦២១,១០ក្រាម ប្រភេទ MDMA។
*ទី៣- នៅចំណុចបន្ទប់ជួលលេខ៨ ផ្លូវលំ ភូមិតាសេក សង្កាត់កំបួល ខណ្ឌកំបួល រាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាស្រ្តីម្នាក់ រួមជាមួយគ្រឿងញៀនចំនួន ៨៧៣កញ្ចប់ ទម្ងន់៧.៦៤៥,៩៤ ប្រភេទ MDMA។
*ទី៤- នៅចំណុចរង្វង់មូលនាងមច្ឆា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់។ សរុបជនសង្ស័យចំនួន០៤នាក់ និងដក ហូតគ្រឿងញៀនប្រភេទ MDMA សរុបចំនួន ១.១៧៣កញ្ចប់ ទម្ងន់ ១០.២៦៧,០៣ក្រាម (១០គីឡូ ២៦៧,០៣ក្រាម)។
ក្រោយពីទទួលបានសំណុំរឿងពីសមត្ថកិច្ច និងបន្ទាប់ពីបានស៊ើបអង្កេតល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយលើភ័ស្តុតាងនានា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន៕