ឡានបុកអូសជាង១០ម៉ែត្រ ដេកស្លាប់ក្នុងថ្លុកឈាមនៅលើផ្លូវជាតិលេខ២ ស្រុកកណ្តាលស្ទឹង(មានVideo)

កណ្ដាល៖ បុរសម្នាក់ត្រូវបានរថយន្ដទួរីសបុកអូសជាង១០ម៉ែត្រស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិវាល ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្តកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ជឹម សម្រុង ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទីខេត្តតាកែវ ជិះម៉ូតូម៉ាក PCX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HP-6256 បើកបរពីជើងទៅត្បូង។

ប្រភពព័ត៌មានបានបន្តថា ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅនាមប័ណ្ណនៅក្នុងរថយន្ដមានឈ្មោះ ឌុក សុម៉ាលី រស់នៅភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បើកបររថយន្ដ ម៉ាកទួរីស ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-4947 បើកបរមានទិសដៅពីត្បូងទៅជើង។

ប្រភពដដែលបន្តទៀតថា ចំពោះសម្ភារ:ខូចខាតមានរថយន្ដ និងម៉ូតូ រីឯសពបុរសរងគ្រោះ សមត្តកិច្ចនគបាលបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅឯលំនៅដ្ឋាន។ដោយឡែកចំពោះវត្ថុតាង រថយន្ដ និងម៉ូតូ ត្រូវបានសមត្ថកិច្ចដឹកជញ្ជូនយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកកណ្ដាលស្ទឹងរងចាំការដោះស្រាយជាក្រោយ៕ ដោយ ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង