ការដ្ឋានបូមខ្សាច់ អ័ង តាំងឡាយ បិទមុខទឹក បង្ហូរភក់ចូលប្រឡាយប៉ះពាល់ស្រូវស្រែប្រាំងកសិកររាប់ហិចតា (មានVideo)

កណ្តាល៖ មិនត្រឹមតែបិទមុខទឹក និងបង្ហូរទឹកភក់សំណល់ពីការលាងខ្សាច់ចូលប្រឡាយសាធារណៈប៉ះពាល់ដល់ស្រូវស្រែប្រាំងនោះទេ រថយន្តដឹកជញ្ជូនដី ខ្សាច់ មិនគ្រប បើកបរលឿន បង្កក្តីក្ដៅក្រហាយដល់ប្រជាពលរដ្ឋថែមទៀតផង ដូច្នេះសូមលោកអភិបាលស្រុក និងឯកឧត្តមអភិបាលខេត្ត មេត្តាពិនិត្យដោះស្រាយផង ព្រោះលែងមានជំនឿលើមន្ត្រីមូលដ្ឋានហើយ ខណៈប្តឹងទៅបាត់ឈឹង មិនដែលមានដំណោះស្រាយ។

នេះជាការត្អូញត្អែរបស់ប្រជាកសិករ ដែលមានដីស្រែនៅស្របតាមប្រឡាយ៥៩ព្រំប្រទល់រវាងឃុំសៀមរាប និងឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ស្នើសុំឱ្យអាជ្ញាធរស្រុក-ខេត្តមេត្តា ពិនិត្យលើករណីនេះ ផងព្រោះតែប្រឡាយ១ខ្សែនេះសំខាន់ណាស់ អាចស្រោចស្រពស្រូវរាប់រយហិចតាឯណោះ។

ពួកគាត់បានបន្តថា កន្លងមកពួកគាត់អាចធ្វើស្រូវបាន៣ដងក្នុង១ឆ្នាំ ប៉ុន្តែ ប៉ុន្មានឆ្នាំនេះ តាំងពីក្រុមហ៊ុនបូមខ្សាច់របស់ អ័ង តាំងឡាយ មកបើកអាជីវកម្ម បិទផ្លូវទឹក ហើយបង្ហូរទឹកភក់ មានលាយប្រេងម៉ាស៊ីនចូលប្រឡាយមកធ្វើឱ្យពួកគាត់ពិបាកខ្លាំងណាស់ បើចង់យកទឹកដាក់ស្រែ ត្រូវបូមស្តុករយៈពេលពី៥ថ្ងៃទៅ១អាទិត្យ ឱ្យរងថ្លាសិន ទើបបូមបញ្ចូលស្រែបាន ធ្វើឱ្យពួកគាត់ចំណាយទ្វេរដង។

ពួកគាត់បន្តទៀតថា បើហ៊ានតែបូមដាក់ស្រែដោយផ្ទាល់ស្លោកងាប់ស្រូវអស់មិនខាន ហើយកុំថាឡើយបូមដាក់ស្រូវ សូម្បីតែសត្វទា ដែលចូលលេងទឹកប្រឡាយដែលបង្ហូរចេញពីការដ្ឋានខាងលើ ក៏ប្រកាច់ងាប់អស់ដែរ។

ប្រភពបន្ថែមថា ក្រៅពីនោះក្រុមឡានដឹកដី ខ្សាច់ចេញពីការដ្ឋាននេះ ក្នុងថ្ងៃៗរាប់រយពាន់ឡាន និងបើកលឿនៗ ព្រមទាំងគ្មានការគ្របឱ្យបានត្រឹមត្រូវ ធ្វើឱ្យជ្រុះរប៉ាត់រប៉ាយ ផ្លូវហុយរកមើលគ្នាមិនយល់ទេ និងរលាក់ស្ទើជ្រុះថ្លើមហើយ បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ណាស់។

ពួកគាត់លើកឡើងទៀតថា បើនិយាយពីប្តឹងឲ្យអាជ្ញាធរមូលដ្ឋានជួយដោះស្រាយវិញ រាប់ភ្លេចហើយ តែគ្មានចំណាត់ការសោះ ទើបពួកគាត់អស់ការអត់ធ្មត់បង្ខំចិត្តផ្ញើសារនេះ ទៅកាន់ថ្នាក់ដឹកនាំស្រុក-ខេត្ត ឱ្យបានដឹង និងដោះស្រាយជូនពួកគាត់ផង។

ពាក់ពន្ធ័ហ្នឹងការលើកឡើងរបស់ប្រជាកសិករ អ្នកសារព័ត៌មានមិនអាចទំនាក់ទំនងសុំការបកស្រាយពីម្ចាស់ការដ្ឋានបូមខ្សាច់ខាងលើបានទេ ចំណែកឯ លោកស្រី លឹម សុខខឿន មេឃុំសៀមរាប បានប្រាប់តាមទូរសព្ទ័ថា លោកស្រីមិនបានដឹងរឿងហ្នឹងទេ។ ប៉ុន្តែ លោក ប៉ិច សុផុន មេឃុំអំពៅព្រៃ បានទទួលស្គាល់ថា ការដ្ឋានបូមខ្សាច់ របស់លោក អ័ង តាំងឡាយ នៅក្នុងភូមិសាស្រ្តឃុំសៀមរាប ពិតជាបានបង្ហូរទឹកភក់សំណល់ពីការលាងខ្សាច់ ចូលប្រឡាយ៥៩ ធ្វើឱ្យប៉ះពាល់ដល់ស្រូវស្រែរបស់បងប្អូនប្រជាពលរដ្ឋរាប់រយហិចតាប្រាកដមែន ហើយខាងស្រុកក៏ធ្លាប់បានធ្វើការស្តារជាញយៗដែរ ប៉ុន្តែ នៅតែដដែល ព្រោះក្រុមហ៊ុននៅ
តែបង្ហូរចូលប្រឡាយ។

ចំណែកលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង បានត្រឹមនិយាយថា លោកនឹងចាត់ឱ្យអភិបាលរងម្នាក់ ចុះទៅពិនិត្យដល់លើករណីនេះភ្លាម៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង