«សន្តិភាព គឺជាកត្តាចំបងដែលនាំមកនូវសេ្ថរភាពសង្គម នយោបាយ សេដ្ឋកិច្ច…»
ភ្នំពេញ៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងថ្លែងបាឋកថាជូនដល់យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនៃសាលានាយកដ្ឋានសកម្ម នៅឃុំដំណាក់រាំង សរុបប្រមាណ៦០០នាក់ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។
នាឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់ពីភាពចាំបាច់នៃការងារការពារជាតិ ដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នាដោយមិនមែនតែជាការងាររបស់កងកម្លាំង ឬជនស៊ីវិល ដាច់ដោយឡែកពីគ្នាឡើយ។
ឯកឧត្តម ក៏បានធ្វើការចែករំលែកពីគុណតម្លៃនៃសន្តិភាពដែលស្វែករកបានដោយការលំបាក ដោយការលះបង់រាប់មិនអស់របស់ថ្នាក់ដឹកនាំនិងភាគីពាក់ព័ន្នទាំងអស់។
ជាមួយគ្នានោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា «សន្តិភាព គឺជាកត្តាចំបងដែលនាំមកនូវសេ្ថរភាពសង្គម នយោបាយ សេដ្ឋកិច្ច ព្រមទាំងជាមូលដ្ឋានដែលផ្តល់ឱកាសឱ្យប្រទេសយើងអាចផ្តោតអារម្មណ៍ទាំងស្រុង និងប្រើប្រាស់មធ្យោបាយរួម ដើម្បីការអភិឌ្ឍ ជាពិសេសតាមរយៈការបង្កជាបរិយាកាសសម្រាប់ទាក់ទាញការវិនិយោគ និងបង្កើនឱកាសការងារក្នុងមូលដ្ឋាន ដែលជាផ្នែកដ៏សំខាន់ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាជន»។
ទន្ទឹមនោះ ឯកឧត្តមបានផ្តល់អនុសាសន៍ជូនដល់អង្គសិក្ខាកាម ឱ្យបន្តខិតខំប្រឹងប្រែងស្វែងយល់អោយច្បាស់ពីប្រវត្តិសាស្ត្រដែលកម្ពុជាឆ្លងកាត់ សិក្សាពីភាពប្រទាក់ក្រឡានៃប្រវត្តិសាស្ត្រនោះជាមួយនឹងអ្វីដែលមានក្នុងពេលបច្ចុប្បន្ន និងបន្តការពារសន្តិភាពដើម្បីរក្សា និងធានាអនាគតកម្ពុជាមួយដែលកាន់តែប្រសើរសម្រាប់កូនចៅជាអ្នកជំនាន់ក្រោយ៕