មេPMរាជធានីភ្នំអនុញ្ញាតឲ្យអតីតនាយអាវុធហត្ថខេត្តបន្ទាយមានជ័យចូលជួបសម្តែងការនឹករលឹក

ភ្នំពេញ៖ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងននារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យអតីតនាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលបានចូលសោធននិវត្តន៍ ក្នុងឆ្នាំ២០២៣នេះ និងអ្នកដែលបានចូលនិវត្តក្នុងអំឡុងការរីករាលនៃជំងឺកូវីដ-១៩ ចូលជួបសម្តែងការនឹករលឹក និងរំលឹកពីអនុស្សាវរីយ៍មួយចំនួន កាលពីលោកនៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មុនពេលផ្លាស់មកទទួលតំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០១៣។

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯកបានសម្តែងនូវមនោសញ្ចេតនា រំភើបរីករាយ ឥតឧបមា ដែលបានជួបជាមួយ អតីតនាយអាវុធហត្ថក្រោមឱវាទរបស់លោកគ្រប់គ្នា ដោយលោកបានសំណេះសំណាលសួរសុខទុក្ខទាំងសាម៉ីខ្លួន ក៏ដូចជាក្រុមគ្រួសារ ព្រមទាំងបង្ហាញនូវក្តីនឹករឭកយ៉ាងជ្រាលជ្រៅ ទាំងចំពោះនាយទាហានដែលបានចូលនិវត្តន៍ហើយ ទាំងអ្នកដែលកំពុងនៅបម្រើការងារ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលធ្លាប់មានអនុស្សាវរីយ៍រួមសុខរួមទុក្ខជាមួយគ្នាយ៉ាងច្រើនក្នុងរយៈកាលកន្លងមក។

ជាមួយគ្នានោះ លោកក៏បានណែនាំដល់ នាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានចូលសោធននិវត្តន៍ទាំងអស់ ត្រូវចេះគិតគូររៀបចំផែនការសេដ្ឋកិច្ចក្នុងគ្រួសារឲ្យបានហ្មត់ចត់ ថែទាំសុខភាពឲ្យបានល្អ សម្រាប់ទៅថ្ងៃអនាគត ព្រមទាំងបានផ្តល់សម្ភារៈថវិកាមួយចំនួន ជូនដល់ពួកគាត់គ្រប់គ្នា ទុកជាចំណងដៃផងដែរ៕

អត្ថបទដែលជាប់ទាក់ទង