វិស័យកសិកម្មនៅកម្ពុជាបានជួបប្រទះបញ្ហាប្រឈម៣សំខាន់ៗក្នុងឆ្នាំ២០២២

ភ្នំពេញ៖ នៅក្នុងពិធីបិទសន្និបាតបូក​សរុប​​​ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៤ ខែមីនានេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា បានថ្លែងថា ក្នុងឆ្នាំ២០២២ វិស័យកសិកម្មបានជួបបញ្ហាប្រឈមមួយចំនួនដែលទាមទារឱ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ និងធ្វើការដោះស្រាយឱ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព​។

ឯកឧត្តមបានបញ្ជាក់បន្តថា៖ «បញ្ហាប្រឈមទាំងនោះរួមមាន *ទី១-បញ្ហា ថ្លៃដើមផលិតកម្មខ្ពស់ *ទី២-បញ្ហាហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មនៅមានកម្រិត ដូចជា កង្វះផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពដែលចំណាយទាប ឡសម្ងួត ឃ្លាំងស្តុក ទូត្រជាក់ និងហេដ្ឋារចនាសម្ព័ន្ធ កែច្នៃ និង*ទី៣ -ពាណិជ្ជូបនីយកម្ម លើកសិផលគន្លឹះនៅមិនទាន់ត្រូវបានជំរុញឱ្យអស់សក្តានុពល»។

ឯកឧត្តមបន្តថា តុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីកាត់បន្ថយសម្ពាធមក លើធនធានព្រៃឈើ និងជលផល នៅតែជាប្រធានបទមួយដែលត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត។ ហើយដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើ អង្គសន្និបាតក្រសួងបានដាក់ចេញនូវទស្សនទានទៅអនាគត គឺ ការធានាសន្តិសុខស្បៀង និងនិរន្តរភាពនៃការអភិវឌ្ឍ។

ឯកឧត្តមគូសបញ្ជាក់ថា៖ «ក្នុងន័យនេះ ការធានាស្ថិរភាពថ្លៃកសិផលក្នុងស្រុក ការកាត់បន្ថយថ្លៃដើម និងការបង្កើនតម្លៃបន្ថែមនៃផលិតផលកសិកម្មសម្រាប់ការនាំចេញ ដោយបង្កើតជាផលិតផលគន្លឹះ ឬ ផលិតផលប្រណិតដើម្បីបង្កើនប្រាក់ចំណូលដល់កសិករ និងអ្នកចូលរួមក្នុងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្មទាំងមូល នឹងក្លាយជាគោលដៅអាទិភាព»។

បើតាមឯកឧត្ដមរដ្ឋមន្រ្តី សកម្មភាពទាំងឡាយក្នុងឆ្នាំ២០២៣ នឹងត្រូវអនុវត្តជាយុទ្ធសាស្ត្រដើម្បីបម្រើគោលដៅខាងលើ ដូចជា៖ *ទី១-កាត់បន្ថយថ្លៃដើម ដោយប្រើពូជសុទ្ធល្អ បច្ចេកទេសទំនើប និងសន្សំសំចៃថាមពល *ទី២-ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្ម តាមរយៈផ្ទះសំណាញ់សម្រាប់បន្លែដោយប្រើឥណទានមានការ ប្រាក់ទាប និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធផលិតកម្មទាំងនេះ និង*ទី៣-ពាណិជ្ជូបនីយកម្ម តាមរយៈការចងក្រងជាបណ្តាញពីកសិករ ដល់អ្នកកែច្នៃ និងអាជីវករ ហើយជំរុញឱ្យអនុវត្តផលិត- កម្មតាមកិច្ចសន្យា ដោយផ្អែកលើផែនការទីផ្សារជាក់លាក់។ ការរៀបចំចងក្រងជាបណ្តាញខាងលើនឹងផ្អែកលើគោល- ការណ៍ស្ម័គ្រចិត្ត និងគោលការណ៍ទីផ្សារសេរី៕

អត្ថបទដែលជាប់ទាក់ទង