កម្លាំងPMក្រុងប៉ោយប៉ែតចាប់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ក្រោយល្បួងនារីជាសង្សាឲ្យតេវីដេអូអាក្រាតកាយ រួចថតទុកដើម្បីគំរាមទារប្រាក់

កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួនបុរសម្នាក់បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយពីបានល្បួងនារីជាសង្សាឲ្យតេវីដេអូអាក្រាតកាយដើម្បីរួមភេទតាមអនឡាញ ហើយថតទុកគំរាមទារប្រាក់។

បើតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឲ្យដឹងថា តាមការបំភ្លឺពីជនរងគ្រោះបានរៀបរាប់ថា រូបនាង និងជនសង្ស័យធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាយូរមកហេីយ និងធ្លាប់រួមភេទជាមួយគ្នារហូតមានផ្ទៃពោះចំនួន២ខែ ក្រោយមកត្រូវម្តាយដឹង ក៏ឈប់ឲ្យទំនាក់ទំនងគ្នាបន្តទៀត។ លុះនៅអំឡុងឆ្នាំ២០២២ រូបនាងក៏បានទំនាក់ទំនងជាមួយជនសង្ស័យសារជាថ្មីម្ដងទៀត ដោយខលតាមឆាតហ្វេសបុកជាមួយគ្នាស្ទេីររាល់ថ្ងៃ ហេីយជនសង្ស័យបានសុំអង្វរនាងដោះខោអាវចេញ (អាក្រាតកាយ) ហើយសុំរួមភេទតាមអនឡាញជាច្រេីនលេីកច្រេីនសារ តែជនសង្ស័យលួចថតជាវីដេអូរ ពេលខ្លួនរួមភេទតាមអនឡាញ ហើយផ្ញើមកឲ្យនារីរងគ្រោះវិញ ដើម្បីគំរាមទារប្រាក់ពីរូបនាងជាច្រើនដង ទើបនាងសម្រេចដាក់ពាក្យបណ្ដឹងតែម្ដង។

ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ធឿន ភារិន (ទីណា) អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ សមត្ថកិច្ចដកហូតបាន ទូរស័ព្ទដៃម៉ាក CHINA MOBILE4G ពណ៌ទឹកប្រាក់ ចំនួន១គ្រឿង, ផ្លាសផ្ទុកវីដេអូចំនួន១។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ក្នុងពាក្យបណ្ដឹងពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុមានវីដេអូអាក្រាតផងនោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានបញ្ជាក់ថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង