ក្រសួងធនធានទឹកបញ្ជាក់ថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥លានរៀល ដល់១០លានរៀល និង/ឬដាក់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងធនធានទឹកបានបញ្ជាក់ថា «សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជាចែងថា៖ «ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល និង/ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ»។

គួរជម្រាបជូនថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ រដ្ឋបាលខេត្តកំពង់ចាមក៏បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមផងដែរ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្តកំពង់ចាម៖

អត្ថបទដែលជាប់ទាក់ទង