Breaking News: សាលាដំបូងខេត្តព្រះវិហារចេញសេចក្តីថ្លែងការណ៍ជុំវិញឃ្លីបវិដេអូរបស់ឈ្មោះ រ័ត្ន ទីណា ក្នុងឯកសណ្ឋានជាយោធា ថាអាចបង្កបញ្ហាយល់ច្រឡំច្របូកច្របល់វឹកវរដល់សង្គម

ព្រះវិហារ៖ ថ្មីៗនេះ មានការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់នូវឃ្លីបវិដេអូរបស់ឈ្មោះ រ័ត្ន ទីណា ក្នុងឯកសណ្ឋានជាយោធាដោយបានអះអាងថា ខ្លួននិងប្រជាពលរដ្ឋចំនួន១៣គ្រួសាររងនូវភាពអយុត្តិធម៌ ដោយសារតែខ្លួនរស់នៅលើដីដែលជាអំណោយរបស់មន្ត្រីយោធាឈ្មោះ សុខ សារឿន ជាអ្នកចែកឲ្យ ស្ថិតនៅចំណុចព្រៃគោល ភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ និងមានលិខិតបញ្ជាក់ពីអាជ្ញាធរភូមិឃុំថែមទៀតផង ហើយដីនោះមិនមែនជាដីក្រុមហ៊ុនឬដីឯកជនឡើយគឺជាដីរដ្ឋ។ នេះជាការបញ្ជាក់ឲ្យដឹងរបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបបានទទួលនៅមុននេះ។

នៅក្នុងសេចក្តីថ្លែងការណ៍សាលាដំបូងខេត្តព្រះវិហារបានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងកំឡុងឆ្នាំ២០១៣ តាមរបាយការណ៍របស់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ មានក្រុមចលនាដែលដឹកនាំដោយឈ្មោះ អុិច សុផាន់ណា និងឈ្មោះ ម៉ី ណាគ្រី ដែលជាមន្ត្រីយោធាក្នុងអង្គភាពភូមិភាគ៤ បានដឹកនាំ និងបំផុសបំផុលប្រជាពលរដ្ឋឲ្យចូលមកកាន់កាប់ទន្ទ្រាន ហ៊ុំព័ទ្ធ និងធ្វើការបែងចែកដីឡូតិ៍លំនៅឋាននិងស្រែចំការយ៉ាងអនាធិបតេយ្យនៅចំណុចព្រៃគោល ស្ថិតនៅឃុំសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងដែនជម្រកសត្វព្រៃគូលែនក្រុមទេព ដោយមិនប្រកាន់ថា ជាដីរដ្ឋ ឬដីឯកជនដែលបានកាន់កាប់ជាយូរណាស់មកហើយនោះឡើយ។

នៅក្នុងសេចក្ដីថ្លែងការណ៍ ឯកឧត្តមអភិបាលខេត្តព្រះវិហារក៏បានគោរពជូន ឯកឧត្តមឧត្តមសេនីយ៍ឯកមេបញ្ជាការយោធាភូមិភាគ៤ នៃកងយោធាយុទ្ធពលខេមរៈភូមិន្ទ ស្ដីពីការបញ្ឈប់សកម្មភាពរបស់ឈោ្មះ អ៊ុច សុផាន់ណា និងឈ្មោះ មុី ណាគ្រី ជាមន្ត្រីយោធាក្នុងអង្គភាពយោធាភូមិភាគ៤ និងបានចេញលិខិតបង្គាប់ការបង្កើតក្រុមការងារពិនិត្យ និងស្រាវជ្រាវដើម្បីធ្វើការសម្របសម្រួលទៅតាមនីតិវិធីច្បាប់ ដោយបានណែនាំបង្ក្រាបរហូតបានបញ្ឈប់សកម្មភាពចាប់ដី និងបែងចែកដីអនាធិបតេយ្យបាន ជោគជ័យ ដោយប្រជាពលរដ្ឋបានចាកចេញ ដោយពុំមានប្រជាពលរដ្ឋណាម្នាក់ស្ថិតនៅក្នុងតំបន់អនាធិបតយ្យ ខាងលើនោះឡើយ។

លុះនៅចុងឆ្នាំ២០១៥ ក៏មានបុគ្គលដែលមានឈ្មោះ រ័ត្ន ទីណា, ម៉ាញ់ យ៉ាន និងឈ្មោះ អ៊ុំ ចាន់ ជាម ខ្លោងដឹកនាំប្រជាពលរដ្ឋដូចមានឈ្មោះ ហ៊ាច ហេន, ឈ្មោះ ផោ ញ៉ាញ់, ឈ្មោះ ហង់ ហ៊ាង, ឈ្មោះ ហៀង ផាន, ឈ្មោះ ឡាយ សេងលាប, ឈ្មោះ គង់ សេង និងអ្នកផ្សេងទៀត ចូលមករស់នៅ និងសង់ផ្ទះរំលោភលើដី ចំណុចព្រៃគោលចំដីរបស់ឈ្មោះ ឃុត ដែលបានកាន់កាប់តាំងពីឆ្នាំ២០០៤ ដោយមានអាជ្ញាធរចុះហត្ថលេខាលើលិខិត ពាក្យសុំសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លីលេខៈ ៣១៣/២០១៥ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ បើទោះ បីមានការហាមឃាត់ពីអាជ្ញាធរភូមិ ឃុំ យ៉ាងណាក៏ដោយក៏ពួកគាត់ទាំងអស់គ្នាមិនស្ដាប់តាមការណែនាំរបស់ អាជ្ញាធរមួលដ្ឋានដែរ ។

ចំពោះលិខិតដែលឈ្មោះ រ័ត្ន ទីណា បានលើកបង្ហាញនៅក្នុងវីដេអូឃ្លីបរបស់ខ្លួន ហើយអះអាងថាដី របស់ខ្លួនមានលិខិតបញ្ជាក់ត្រឹមត្រូវ ទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំ និងមានការទទួលស្គាល់ពីធនាគារ អាច បញ្ចាំយកប្រាក់ពីធនាគារនោះ លិខិតនេះមិនមែនជាពាក្យស្នើសុំកាន់កាប់ និងប្រើប្រាស់ដីធ្លី នោះទេ លិខិតនោះជា លិខិតបញ្ជាក់ប្រវត្តិ ដែលអាជ្ញាធរបានចេញជូនទៅតាមតម្រូវការរបស់ធនាគារ ក្នុងគោលបំណងជួយសម្រួលដល់ជីវៈភាពរបស់ប្រជាពលរដ្ឋ នៅក្នុងឆ្នាំ២០១៧តែប៉ុណ្ណោះ។

នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៣១ ចុះថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ២០២១ របស់សាលាដំបូងខេត្តព្រះវិហារ អាជ្ញាធរភូមិ ឃុំ និងអាជ្ញាធរស្រុកបានបញ្ជាក់ថាប្រជាពលរដ្ឋដែលបានស្នើសុំធ្វើលិខិតបញ្ជាក់ខាងលើ បានអះអាងអួតកុហកថា ដីនោះពុំមានទំនាស់នោះទ ទើបពួកខ្លួន ជួយធ្វើលិខិតបញ្ជាក់ជូន។
ចំពោះសំណុំរឿងព្រហ្មទណ្ឌលេខ៥៣១ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ របស់សាលាដំបូងខេត្តព្រះវិហារ បានលើកយកមកជំនុំជម្រះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ និងប្រកាសជាសាធារណៈនៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៣ ដោយមានសាលក្រមព្រហ្មទណ្ឌលខៈ ០៦(គ) ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ រួចហើយ។

ទាក់ទិនករណីខាងលើ មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ រ័ត្ន ទីណា និងជនជាប់ចោទផ្សេងទៀតបានប្តឹងឧទ្ធរណ៍ចំពោះសាលក្រម ព្រហ្មទណ្ឌលេខៈ ០៦(គ) ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ទៅតាមនីតិវិធីរួចហើយដែរ ដែលការដាក់ពាក្យ បណ្ដឹងឧទ្ធរណ៍នេះជាជម្រើសត្រឹមត្រូវទៅតាមគតិច្បាប់។

អ្នកនាំពាក្យនិងអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានបញ្ជាក់ថា ការជ្រើសរើសយកវិធីផ្សាយព័ត៌មានដើម្បីការពារខ្លួន ដោយបំភ័ន្តដល់មហាជននោះមិនមែនជានីតិវិធីការពារខ្លួនល្អនៅក្នុងរឿងក្តីឡើយ ផ្ទុយទៅវិញអំពើនោះជាអំពើ អាចបង្ករបញ្ហាយល់ច្រឡំច្របូកច្របល់វឹកវរដល់សង្គម ដែលបានបង្កើតឱ្យមានទោសព្រហ្មទណ្ឌទៀតផង៕

អត្ថបទដែលជាប់ទាក់ទង