យល់ដឹងផ្នែកច្បាប់៖ អានុភាពនៃសិទ្ធិលើបំណុលចំពោះអ្នកដទៃ

ភ្នំពេញ៖ ដើម្បីឈ្វេងយល់ អង្គភាពសារព័ត៌មាន The Mirror News សូមលើកយកការបង្ហាញនិងការពន្យល់របស់កញ្ញា តាំង មុយអ៊ី នូវប្រធានបទ ស្ដីពី «អានុភាពនៃសិទ្ធិលើបំណុលចំពោះអ្នកដទៃ (តតិយជន)» មកធ្វើការបកស្រាយជូនប្អូនសិស្ស  និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម៖

អានុភាពនៃសិទ្ធិលើបំណុលចំពោះអ្នកដទៃ(តតិយជន)
បើ“អ្នកទី២” ជំពាក់លុយ “អ្នកទី១” ហើយ “អ្នកទី៣” ជំពាក់លុយ “អ្នកទី២” តើ “អ្នកទី១” អាចមានសិទ្ធិលើបំណុលរបស់ “អ្នកទី២” ដែលមានចំពោះ “អ្នកទី៣” ដែលជាកូនបំណុលរបស់ “អ្នកទី២” បានដែរឬទេ? ចម្លើយ៖ ជាគោលការណ៍ “បាន”!
សិទិ្ធនេះ តាមបច្ចេកទេសច្បាប់ហៅថា “ឧបាទេសកម្ម/Subrogation”៖ ឋានៈមួយដែលបុគ្គលម្នាក់ទទួលជំនួសបុគ្គលណាមួយតាមផ្លូវច្បាប់ (សន្ទានុក្រមពាក្យច្បាប់ ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី)។
យោងតាមមាត្រា៤២២ កថាខណ្ឌ១ វាក្យខណ្ឌ១ នៃក្រមរដ្ឋប្បវេណី “ក្នុងករណីដែលចាំបាច់ដើម្បីរក្សាការពារសិទិ្ធលើបំណុលរបស់ខ្លួន ម្ចាស់បំណុល អាចអនុវត្តសិទិ្ធដែលកូនបំណុលមាន ជំនួសកូនបំណុលបាន”។ ឧទាហរណ៍៖ “អ្នកទី១” បានឱ្យ“អ្នកទី២” ខ្ចីប្រាក់ចំនួនUSD ១០.០០០ រយៈពេល០១ ខែត្រូវសង។ នៅពេលថ្ងៃកំណត់សងបានកន្លងហួស “អ្នកទី២”មិនបានអនុវត្តកាតព្វកិច្ចសងប្រាក់ដល់“អ្នកទី១”នោះទេ។
“អ្នកទី១”បានដឹងថា “អ្នកទី២”មានសិទ្ធិលើបំណុលចំពោះ“អ្នកទី៣” USD ១០.០០០ដែរ ហើយ“អ្នកទី២”គ្មានទ្រព្យសម្បត្តិអ្វីផ្សេងទៀតនោះទេ។ “អ្នកទី២”បានដឹងថា ទោះជាខ្លួនទារប្រាក់កម្ចីពីកូនបំណុលរបស់ខ្លួន (អ្នកទី៣) បាន ក៏មិនបានមកខ្លួនដែរ គឺត្រូវយកប្រាក់នោះទៅសង“អ្នកទី១”ដដែល ដូច្នេះ“អ្នកទី២”ទុកចោលមិនទារឱ្យ “អ្នកទី៣”សងប្រាក់នោះទេ ទោះថ្ងៃកំណត់សងបានរំលងហួសហើយក៏ដោយ។ ឧទាហរណ៍មួយទៀត ប្រសិនបើ“អ្នកទី២”ខ្ចីប្រាក់ពី“អ្នកទី១”ចំនួន USD ១០.០០០ ប៉ុន្ដែ“អ្នកទី៣”ខ្ចីប្រាក់ពី“អ្នកទី២”ចំនួនដល់ទៅ USD ១៥.០០០ ដូច្នេះ“អ្នកទី១”អាចអនុវត្តសិទ្ធិឧបាទេសកម្មត្រឹមតែចំនួន USD ១០.០០០តែប៉ុណ្ណោះ ចំណែកប្រាក់នៅសល់ USD ៥.០០០ គឺមិនពាក់ព័ន្ធនោះទេ។
ក្នុងករណីមួយផ្សេងទៀត បើ“អ្នកទី២”ទាក់ទងមិនបាន(បាត់ដំណឹង)ជាហេតុធ្វើឱ្យមិនអាចទទួលការសងប្រាក់ពី “អ្នកទី៣”បាន(“អ្នកទី៣”មិនអាចប្រគល់ការសងបាន ព្រោះរក“អ្នកទី២”មិនឃើញ) “អ្នកទី១”អាចប្ដឹងទាមទារទៅ“អ្នកទី៣” ឱ្យសងប្រាក់នោះមកខ្លួនជំនួសការសងឱ្យទៅ “អ្នកទី២” បាន(យោងមាត្រា៤២៦ កថាខណ្ឌ២ នៃក្រមរដ្ឋប្បវេណី៖ ក្នុងករណីដែលកូនបំណុលមិនអាចទទួលតាវកាលិកពីកូនបំណុលទី៣បានទេ ម្ចាស់បំណុលដែលអនុវត្តសិទ្ធិឧបាទេសកម្មអាចទាមទារឱ្យកូនបំណុលទី៣នោះ ផ្ដល់តាវកាលិកចំពោះខ្លួនផ្ទាល់បាន។)។
ដើម្បីអាចអនុវត្តសិទ្ធិឧបាទេសកម្មបាន លុះត្រាតែកូនបំណុលមិនទាន់បានអនុវត្តសិទ្ធរបស់ខ្លួន ហើយនៅពេលដល់ថ្ងៃកំណត់នៃសិទ្ធិលើបំណុលនោះ ទើបម្ចាស់បំណុលអាចអនុវត្តសិទ្ធឧបាសទេសកម្មបាន។ ប៉ុន្តែសិទិ្ធឧបាទេសកម្មរបស់ម្ចាស់បំណុល (ឧទាហរណ៍ថា “អ្នកទី១”) អាចអនុវត្តមុនថ្ងៃកំណត់សងរបស់កូនបំណុលបាន (“អ្នកទី២” ហើយអនុវត្តជាមួយ ”អ្នកទី៣”) លុះត្រាតែមានការអនុញ្ញាតពីតុលាការ (មាត្រា៤២៣ កថាខណ្ឌ២ នៃក្រមរដ្ឋប្បវេណី)។ នៅក្នុងករណីបែបនេះម្ចាស់បំណុលត្រូវជូនដំណឹងទៅកូនបំណុល(អ្នកទី២) ថាខ្លួនបានអនុវត្តសិទ្ធិឧបាទេសកម្ម ហើយកូនបំណុលមិនអាចអនុវត្តសិទ្ធិចំពោះកូនបំណុលទី៣(អ្នកទី៣) ដោយជាន់គ្នាបានឡើយ។ យ៉ាងណាមិញ លក្ខខណ្ឌនេះមិនរារាំងកូនបំណុល (អ្នកទី២) ក្នុងការទទួលការសងពីកូនបំណុលទី៣ឡើយ (មាត្រា៤២៥នៃក្រមរដ្ឋប្បវេណី)៕
ដោយ៖ កញ្ញា តាំង មុយអ៊ី បុគ្គលិកច្បាប់នៅក្រុមហ៊ុនមេធាវី

អត្ថបទដែលជាប់ទាក់ទង