លោក ចេង ឌីណា ព្រមានចាត់វិធានការតាមច្បាប់ចំពោះអ្នកយកសំរាមមកបោះចោលពាសវាលពាសកាលតាមដងផ្លូវសាធារណ​និងទីប្រជុំជននានា​ក្នុងស្រុកខ្សាច់កណ្ដាល

អភិបាលស្រុកខ្សាច់កណ្ដាល លោក ចេង ឌីណា នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានព្រមានចាត់វិធានការតាមច្បាប់ចំពោះអ្នកយកសំរាមមកបោសចោលពាសវាលពាសកាលតាមដងផ្លូវសាធារណ​ និងទីប្រជុំជននានា​ នៅក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

នៅលើទំព័រហ្វេសប៊ុក លោក ចេង ឌីណា បានលើកឡើងថា «អនាម័យល្អ​ បរិស្ថាន​ស្អាត​ នាំមកនូវសុខភាពល្អ និងសេចក្តីថ្លៃថ្នូរ»។

លោកអភិបាលស្រុកខ្សាច់កណ្ដាលបានបន្តលើកឡើងថា រដ្ឋបាលស្រុកខ្សាច់កណ្ដាល​ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា​ សូមកុំយកសំរាមមកបោសចោលពាសវាលពាសកាលតាមដងផ្លូវសាធារណ​ និងទីប្រជុំជននានា​ នៅក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល​។

ជាមួយនោះ លោក ចេង ឌីណា បានគូសបញ្ជាក់ថា ប្រសិនបេីនៅតែបន្តការបោសចោលសំរាមពាសវាលពាសកាលទៀត​ ករណីរដ្ឋបាលស្រុកចាប់បាន​ នឹងមានការអនុវត្តតាមវិធានការរដ្ឋបាលស្រុក​ និងមានការណែនាំផាកពិន័យ​៕

អត្ថបទដែលជាប់ទាក់ទង